កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីទីតាំងបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព បរិស្ថានបៃតងតាមដងផ្លូវ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សា អំពីការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម នេះ គឺមានគោលបំណង ឲ្យការធ្វើចរាចរណ៍ តាមដងផ្លូវមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ ។
លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើន ។ដូច្នេះហើយទើបមានការកែប្រែ ធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយ ដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារការធ្វើចរាចរណ៍នេះ ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លង កាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់ ។ ទន្ទឹមនឹងនេះក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម ៕
