ភ្នំពេញ៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាព នៃការសាងសង់ស្ទើររួចរាល់ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។
លោក សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំ ប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ បានឱ្យដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះថា នាថ្ងៃនេះ មានកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទី១ ខាងលើនេះ ដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) ក្នុងនោះ ក៏មានក្រុមការងារ នាយកក្រុមហ៊ុនប្រតិបត្តិក្រុមហ៊ុន SCA និងក្រុមការងារ នាយកគ្រប់គ្រងក្រុមហ៊ុន CATS និងក្រុមការងារសមត្ថកិច្ច ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធ ជាច្រើនរូបទៀត។
ជាលទ្ធផលកិច្ចប្រជុំខាងលើនេះ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ការពិនិត្យដោះស្រាយបញ្ហាបច្ចេកទេសសំខាន់ៗ មួយចំនួន ដូចជា ការបំពេញបែបបទ វិញ្ញាបនបត្រ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម ដើម្បីឈានទៅការបើកដំណើរការ ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
លោក សយ សុខាន់ បានឱ្យដឹងថា ក្រោយពិនិត្យជារួម និងស្ដាប់របាយការណ៍ ឃើញថា គម្រោងវឌ្ឍនភាពនៃការសាងសង់ ស្ទើរតែរួចរាល់ ប៉ុន្ដែអ្វីដែលនៅតែពិនិត្យបន្ដតទៅទៀតនោះ ទាក់ទងទៅនឹងដំណើរការលើលក្ខខណ្ឌបច្ចេកទេស នៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខណៈបច្ចេកទេស នៃការបើកដំណើរការប្រតិបត្តិការ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក សយ សុខាន់ បានបញ្ជាក់ថា “ឥលូវនេះ យើងនៅតែឈរលើគោលការណ៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដែលបានគ្រោងទុក ក៏ប៉ុន្ដែបន្ទាប់ពីកិច្ចប្រជុំនេះ ឃើញថា នៅថ្ងៃទី១០ ខែកក្កដានេះ នៅមិនទាន់មានភាពច្បាស់លាស់” ។
លោកបន្ដថា រដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ នឹងចុះមកពិនិត្យមើល ក្នុងរយៈពេល២សប្ដាហ៍ក្រោយទៀត និងបានណែនាំដល់គណៈកម្មការ ដឹកនាំវាយតម្លៃ លើលក្ខខណ្ឌបច្ចេកទេស ឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋាន សម្រាប់ការសម្រេចចិត្ដចុងក្រោយ អំពីកាលបរិច្ឆេទមួយជាក់លាក់។ ទន្ទឹមគ្នានេះ លោក សយ សុខាន់ នៅតែមានសុទិដ្ឋិនិយមថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលរួចរាល់ ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។
បន្ថែមលើនេះ លោក សយ សុខាន់ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ សរុបចំនួន៣១ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនក្នុងស្រុកចំនួន៥ បាននឹងកំពុងប្រតិបត្ដិការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំង៣១នេះ នឹងផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបើកដំណើរការ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕













