ព័ត៌មានជាតិ

សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារ គាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់

សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebook និង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” នាពេលថ្មីៗនេះ។ ហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ភ្លូកទឹកភ្លូកដីដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងជួលតារាល្បីៗដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកផ្សាយស្រា។

ដើម្បីបង្ការកុមារ និងយុវជនពីគ្រោះថ្នាក់បណ្ដាលមកឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនេះ សិស្សនិស្សិត និងគរុសិស្សបានបង្ហោះសារលើបណ្ដាញសង្គម Facebook និង Tic Tok ក្នុងគោលបំណងស្នើសុំឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់ជាមួយរង្វាន់គ្រប់ទម្រង់។

យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជានាពេលថ្មីៗនេះ ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាពលរដ្ឋច្រើនជាង 90% បានគាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់តាមរយៈ៖

  • គួរហាមកុំអោយភ្ជាប់រង្វាន់ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន
  • គួរហាមឱ្យតារា ឬអាយដល (Idol) របស់កុមារនិងយុវជន កុំអោយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
  • ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់
  • គួរហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា
  • ដកហូតផ្ទាំងប៉ាណូ និងបដាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមដងផ្លូវ និងមុខផ្ទះប្រជាជន ដូចដែលរដ្ឋបាលខេត្តមួយចំនួនបានធ្វើកន្លងមក។

ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី90% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង 2023។

ការអង្កេតក៏បានរកឃើញថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម៕

To Top