ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤ ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។

លោករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ប្រកបដោយការយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសការងារជូនដល់សិក្ខាកាមដូចខាងក្រោម៖
១. ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលជោគជ័យតាមផែនការ ដើម្បីអភិវឌ្ឍតំបន់ជនបទឱ្យកាន់តែរីកចម្រើនថែមទៀត ដោយអនុវត្តតាមគោលការណ៍ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”
២. ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលបន្ដជូនដល់មន្ដ្រីរាជការដទៃទៀត ដោយផ្អែកលើ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិច បង្រៀនអ្នកមិនទាន់ចេះ”
៣. ត្រូវចូលរួមអនុវត្តដោយសកម្មក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលដោយអនុវត្តតាមអភិក្រមកំណែទម្រង់ដោយជោគជ័យត្រូវមាន “១៖ចក្ខុវិស័យច្បាស់លាស់, ២៖ការប្ដេជ្ញាចិត្ត,៣៖ការចូលរួមដោយស្មោះត្រង់ និង៤៖ការលះបង់ខ្ពស់” និងអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”
៤. ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ការអនុវត្តការងារ ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធលើកទឹកចិត្តតាមសមិទ្ធកម្មជូនមន្ដ្រី
៥. ត្រូវបន្ដពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមគោលការណ៍ “អ្នកមានសមរភូមិរួម ជាមិត្តរបស់យើង”


ជាកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រី បានផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស និងក្រុមការងារ ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕


