ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដួចផ្ដើមបង្កើតកម្មវិធី «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅកម្ពុជា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែធ្នូឆ្នាំ២០២៣បានប្រកាសកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្រោមប្រធានបទ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
តើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?
កម្មវិធីប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើតផលិតភាពការងារ។
ដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវមានលក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមលក្ខខណ្ឌដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ គឺរោងសហគ្រាសនោះ មិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ មានទំនាក់ទំនងវិជ្ជាជីវៈល្អ សំដៅដល់សហគ្រាសដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។
ត្រូវមានសុវត្ថិភាព និងសុខភាពការងារ សំដៅដល់សហគ្រាសដែលមិនមានគ្រោះថ្នាក់ការងារ និងមានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ។ មានអនុលោមភាពរបបសន្តិសុខសង្គមសំដៅដល់សហគ្រាសដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
រោងចក្រសហគ្រាសនោះ ត្រូវមានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាពសំដៅដល់សហគ្រាសដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ត្រូវមានកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាសដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។
លើសពីនេះ ត្រូវមានកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាសដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រោងចក្រសហគ្រាស និងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលិតផលកាបូប ដែលខិតខំប្រឹងប្រែងកែប្រែបរិយាកាសនៅក្នុងរោងចក្រ បរិយាកាសការងារ និងការអនុវត្តទៅតាមស្ដង់ដារអន្តរជាតិផកដែរ»។
លោកបន្ដថា កម្មវិធីនេះគឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
លោកបានចាត់ទុកកម្មវិធីនេះ គឺការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យការងារដែលស្របទៅតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្លឿនការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)បានថ្លែងថា៖«កម្មវិធីនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការកែប្រែមុខមាត់ថ្មីបន្ថែម ជាពិសេសលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ហេតុនេះ ខ្ញុំពេញចិត្តចំពោះកម្មវិធីប្រឡងប្រណាំងនេះ»។
លោកបានកត់សម្គាល់ឃើញថា កម្មករដែលបម្រើការងារនៅក្នុងរោងចក្រសហគ្រាសដែលចូលរួមប្រកួតប្រជែងកម្មវិធីនេះ គឺពិតជាទទួលបានផលប្រយោជន៍យ៉ាងច្រើនដូចជា ការយកចិត្តទុកដាក់ទៅលើសេវារបបសន្ដិសុខសង្គម, បរិយាកាសការងារនៅក្នុងរោងចក្រ ត្រូវបានកែលម្អ, កម្មករទទួលបានការបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។
គួរបញ្ជាក់ថា រោងចក្រសហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងនឹងត្រូវប្រកាសជ័យលាភីនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលប្រារព្ធនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ម្ចាស់ជ័យលាភីនឹងទទួលបានការលើកទឹកចិត្តដូចជា ពានរង្វាន់ដែលមាន ៣កម្រិត, វិញ្ញាបនបត្រ និងការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន៕






