ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជា រស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាន នៅកម្ពុជា ក៏មានការរីកចម្រើន មានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាព សារព័ត៌មានកាន់តែរីកធំ ប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។
ពិធីជួបជុំប្រចាំឆ្នាំ ជាមួយអ្នកសារព័ត៌មាន នៅកម្ពុជា លើកទី៧ សម្រាប់ឆ្នាំ២០២៥ មានអ្នកចូលរួមសរុបចំនួន ៥ ០០០នាក់ រួមមានសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមការងារព័ត៌មាននិងសាធារណមតិ អ្នកសារព័ត៌មាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ក៏ដូចជាអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)៕




