ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។

ការប្តេជ្ញារបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគឺជាមែកធាង នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានតួនាទីក្នុងការផ្សព្វផ្សាយ នូវសកម្មភាព និងសមទ្ធផលរបស់រាជរដ្ឋាភិបាល ជូនសាធារណជន ហើយនាំយកបញ្ហាសង្គមដាក់ជូនរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយនិងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន” ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កន្លងទៅ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងជំរុញកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្តោតលើការកសាងនិងការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន និងការបង្កើនគុណភាព៕

To Top