ត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ដែលត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តត្បូងឃ្មុំ បានដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនផលិតសំបកកង់ឡាន ញូវប៊ូស្តារ ខេមបូឌា ថាយអឺរ ឯ.ក (NEWBUSTAR (CAMBODIA) TIRE CO., LTD) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យនិស្សិត បានស្វែងយល់អំពីដំណើរការផលិតសំបកកង់ឡាន និងបច្ចេកវិទ្យាទំនើបដែលប្រើប្រាស់នៅក្នុងក្រុមហ៊ុននេះ។ មុនពេលធ្វើដំណើរទៅកាន់ទីតាំង សាកលវិទ្យាល័យបានរំលឹកនិស្សិតអំពីព័ត៌មានសំខាន់ៗ មួយចំនួន ដើម្បីរៀបចំ និងជួយឲ្យពួកគេទទួលបានបទពិសោធន៍ពីការចុះទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលនៃកម្មវិធី និស្សិតបានទទួលការណែនាំពីបុគ្គលិកក្រុមហ៊ុនអំពីជំហាននៃការផលិត ចាប់ពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ការផលិតសំបកកង់ដែលបំពេញតាមស្តង់ដារគុណភាព។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតក៏ត្រូវបានបង្ហាញផងដែរ ដែលជួយបង្កើនប្រសិទ្ធភាព និងធានាគុណភាពផលិតផល។

ទស្សនកិច្ចនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត ព្រោះវាមិនត្រឹមតែជួយពង្រឹងចំណេះដឹងជាក់ស្តែងបន្ថែមលើទ្រឹស្តីប៉ុណ្ណោះទេ ថែមទាំងបានបង្កើនទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មផងដែរ។ តាមរយៈបទពិសោធន៍នេះ និស្សិតអាចយកចំណេះដឹងទៅអនុវត្តនៅក្នុងអាជីពរបស់ពួកគេនាពេលអនាគត។

សាខាសាកលវិទ្យាល័យបៀលប្រាយបានប្តេជ្ញាបន្តរៀបចំសកម្មភាពបែបនេះជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងរៀបចំនិស្សិតឲ្យក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពសម្រាប់សង្គម និងទីផ្សារការងារ។ ដំណើរទស្សនកិច្ចសិក្សានេះបានបញ្ចប់ទៅដោយជោគជ័យ ដោយទុកនូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់និស្សិតទាំងអស់ដែលបានចូលរួម៕




