ព័ត៌មានជាតិ

ក្រុមហ៊ុនអាម៉េរិក យកកម្ពុជា ជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមហ៊ុនធំមួយរបស់អាម៉េរិក ប្តេជ្ញាពង្រីកការវិនិយោគនៅកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដោយទទួលបានការគាំទ្រ និងអនុសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនសហរដ្ឋអាម៉េរិក Montana Fly តាមរយៈក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% បានប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

សូមជម្រាបដែរថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទួចសម្រាប់ស្ទូចត្រីដ៏ធំបំផុតនៅលើពិភពលោក ដែលផលិតផលរបស់ខ្លួនត្រូវបានលក់ចែកចាយទៅកាន់ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។

ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជាការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹង កម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាល ថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ។

បច្ចុប្បន្ននេះក្រុមហ៊ុនបាននឹងផ្តល់ការងារប្រមាណ ៦៥០កន្លែង និងបានប្តេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទៅមុខទៀត៕

To Top