ព័ត៌មានជាតិ

សម្តេចបវរធិបតី ណែនាំឱ្យគិតគូរបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជនសំខាន់ៗ

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជន សំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ។

នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធ ចម្លោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅ នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។

សម្តេចបវរធិបតី គូសបញ្ជាក់ថា «ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់រឹង សំណល់រាវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និង សោភ័ណភាពទីក្រុង។ ក្នុងន័យនេះ ខ្ញុំ សូមគាំទ្រ និង ជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុង ដើម្បីបង្កើនសមត្ថភាពចម្រុះទឹកកខ្វក់ សំដៅឆ្លើយតបតាខ្មៅ ជំហានទី២ ឱ្យបានឆាប់រហ័ស ទៅនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែប្រសើរ»។

លើសពីនេះ សម្តេចបវរធិបតី ក៏បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នា សិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រុះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការ ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាដែលមានការនវានុវត្តខ្ពស់។

សម្តេចបវរធិបតី បន្ថែមថា ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារប្រយោជន៍ និង របៀបរស់នៅបែបថ្មី ឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋាន របស់ខ្លួនជាមួយបណ្តាញលូសាធារណៈ៕

To Top