ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ” បានសម្រេចនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីនៅឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ហើយបទពិសោធន៍នៃការបង្រួបបង្រួមជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើង និងការបង្ហូរឈាមនេះ ប្រហែលជាមានតែកម្ពុជាទេ នៅលើពិភពលោក ។
យោងតាមបាឋកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅ កម្ពុជា” និងវេទិកាសំណួរ-ចម្លើយ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត (Economic Research Institute of ASEAN and East Asia-ERIA) នៅហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចតេជោ បានថ្លែងថា ពិតណាស់ថា បទពិសោធន៍, បរិបទ និង ស្ថាបនភាពនយោបាយ និង ប្រវិត្តិសាស្ត្ររបស់ប្រទេសនីមួយៗ អាចខុសគ្នា ហើយពេលខ្លះបទពិសោធន៍របស់កម្ពុជា អាចនឹង លំបាកនឹងអនុវត្ត ក្នុងបរិបទរបស់ប្រទេសផ្សេង ប៉ុន្តែ ខ្ញុំជឿជាក់ថា គោលគំនិតរួមនៃ “នយោបាយ ឈ្នះ-ឈ្នះ” ពិតជាមានតម្លៃ ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានគ្រឹះ នៃការកសាងសន្តិភាព ដែល មានលក្ខណៈយូរអង្វែង និង មានបរិយាប័ន្ន ។
សម្តេចតេជោ បានបញ្ជាក់ថា ក្រោមការផ្តួចផ្តើម និងដឹកនាំអនុវត្តរបស់សម្តេចផ្ទាល់ “នយោបាយឈ្នះ-ឈ្នះ” បានសម្រេចនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីនៅឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា “នេះគឺជា សន្តិភាពពេញលេញ យូរអង្វែង ដែលកម្ពុជា ពុំធ្លាប់ស្គាល់ទាល់តែសោះ ក្នុងអំឡុងពេល ៥០០ឆ្នាំ ចុងក្រោយ ក្រោយការធ្លាក់ចុះនៃអាណាចក្រអង្គរ ។ ហើយបទពិសោធន៍នៃការបង្រួបបង្រួមជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើង និង ការបង្ហូរឈាម ប្រហែលជាមានតែកម្ពុជាទេ នៅលើពិភពលោកនេះ ។ យើងគិតថា នេះមិនមែនជាអំណួតនោះឡើយ តែនេះគឺជាសន្តិភាព ដែលបានមកដោយ លំបាកជាទីបំផុត បើគិតពីប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជា ដែលបានឆ្លងកាត់នូវការលំបាក ទុក្ខសោករាប់ជំពូក និង សោកនាដកម្មប្រល័យពូជសាសន៍ឯង”៕
