ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចពិតជាមានការឈឺចាប់ និងមិនទាន់ភ្លេចនៅឡើយ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ស្ថានភាពអន្តរជាតិ មិនអំណោយផល ដោយត្រូវរងនូវការឡោមព័ន្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ស្របពេលដែលសហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាល ដែលបានរំដោះជាតិ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានកាន់កាប់ ដោយពួកខ្មែរក្រហម ១២ឆ្នាំ ។
ក្នុងឱកាសថ្លែងបាឋកថា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅ កម្ពុជា” និងវេទិកាសំណួរ-ចម្លើយ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត (Economic Research Institute of ASEAN and East Asia-ERIA) នៅហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចតេជោ បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលដែលបានរំដោះជាតិ ត្រូវរែកពន់ការកសាងប្រទេសឡើងវិញ ពីបាតដៃទទេ ដោយដៃម្ខាងត្រូវការពារការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងម្ខាងទៀតត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សត្រូវបានកាប់សម្លាប់ដល់ឫសគល់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “មិនថាស្ថានភាព ក្នុងស្រុកមានភាពលំបាកបំផុត, សូម្បីតែស្ថានភាពអន្តរជាតិ ក៏មិនអំណោយផល ដល់យើងដែរ, ដោយយើងត្រូវរងនូវការឡោមព័ន្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង ការទូត ។ សហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាល ដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល ១២ ឆ្នាំ ។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ ២៧ឆ្នាំ, ខ្ញុំពិតជាមានការឈឺចាប់ និងមិនទាន់ភ្លេចនៅឡើយ” ។
បន្ថែមលើនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរការស្វែងរកសន្តិភាព ការរកែទម្រង់ នយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក្រោយពេលរំដោះ ប្រទេសពីខ្មែរក្រហម គឺជាពេលវេលាគ្រោះថ្នាក់បំផុតសម្រាប់សម្តេចផ្ទាល់ ព្រោះថា ទី១. ស្ថានភាព ផ្ទៃក្នុងមិនទាន់មានការឯកភាពគ្នាទាំងស្រុងនោះទេ ហើយការលើកស្នើគោលនយោបាយ ដូចជាការស្វែងរកការចរចាជាមួយភាគីខ្មែរដទៃទៀត, ការបញ្ចូលទិដ្ឋភាពសេដ្ឋកិច្ចទីផ្សារ ដូចជាកម្មសិទ្ធិដីធ្លី នៅក្នុងដំណើរគ្រប់គ្រងសេដ្ឋកិច្ច ពិតជាមានភាពរសើបខ្លាំង, ទី២. ត្រូវដឹងថាកំពុងតែគ្រប់គ្រងប្រទេស ដែលមានវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងទី៣. អតីតសហភាពសូវៀត គឺជាអ្នកផ្តល់ជំនួយដល់កម្ពុជា៕
