ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ៖ កំណែទម្រង់ការផ្ដល់ សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ គឺជាការងារអាទិភាពមួយ ក្នុងការងារកំណែទម្រង់វិមជ្ឈការ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការងារអាទិភាពមួយ ក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមមកពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាល អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាល អភិបាលរងក្រុងស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥៦០នាក់។

មានប្រសាសន៍ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមជាមតិយោបល់ដ៏មានសារៈសំខាន់របស់អង្គសន្និបាត និងបានជម្រាបអង្គសន្និបាតថា ក្រសួង បានកត់ត្រានូវរាល់មតិយោបល់ សំណើ និងសំណូមពររបស់អង្គសិក្ខាសាលា ដើម្បីធ្វើជាមូលដ្ឋានក្នុងការជជែកពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ឬក៏ស្នើសុំគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយសមស្រប និងចាត់វិធានការអនុវត្តបន្តទៀត ឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ទៀតថា «កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យ និងគ្រប់ស្ថាប័ន ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

នាឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំគន្លឹះមួយចំនួនឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធពន្លឿនការរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ត្រូវណែនាំឱ្យមន្ទីរជំនាញរបស់ខ្លួន ផ្ដល់ការគាំទ្រឱ្យបានពេញទំហឹង ដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ក្រសួងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗត្រូវបន្តកិច្ចសហការល្អ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធានាប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលទាំងនោះ និងចូលរួមដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបប្រទះ៕

To Top