ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ណែនាំរៀបចំបញ្ចូលកម្មវិធី AI ក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុស គំនិតច្នៃប្រឌិត

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំរៀបចំបញ្ចូលកម្មវិធី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីសិក្សា របស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀន សូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំសកម្មភាព សម្រាប់សម្របសម្រួលការងារអប់រំ ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ ដល់ក្រុមការងារ ពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញ ការងារនេះ ប្រកបដោយការទទួលខុស ត្រូវនាពេលកន្លងមក និងបានផ្តល់អនុសាសន៍ ៖

-គួរបញ្ចូលកម្មវិធី AI ក្នុងកម្មវិធីប្រើប្រាស់របស់ក្រសួង និងតាមគ្រឹះស្ថាននានា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង វិភាគទិន្នន័យ និងជាពិសេសពន្លឿន ដំណើរការការងារ។

-លើកទឹកចិត្តឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាទូរស័ព្ទស្មាតហ្វូន ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

-រៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សា របស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀន សូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។

-រៀបចំជា Picture Guide ក្នុងកម្មវិធីសិក្សា របស់សិស្សដើម្បីបង្កើនការយល់ដឹង និងការចងចាំ ជាពិសេសនឹងបង្កើត បរិយាកាស សិក្សាប្រកបដោយភាពស្វាហាប់ និងរីករាយ បង្កភាពងាយស្រួល ក្នុងការសិក្សារបស់សិស្ស។

-រៀបចំតែងតាំងមន្រ្តីជំនាញខាង(AI) ដើម្បីជួយគាំទ្រក្នុង ការអនុវត្តឱ្យចំគោលដៅ និងត្រឹមត្រូវ។

-រៀបចំតែងតាំងមន្ត្រីជំនាញខាងវិភាគ ដើម្បីវិភាគស្ថានភាព តាមដាននិន្នាការ និងបញ្ហាប្រឈមនាថ្ងៃអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រ រាល់គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការនានា លើវិស័យអប់រំ និងបានលើកទឹកចិត្ត ដល់គ្រឹះស្ថានឧត្តម សិក្សាឱ្យចូលរួម យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេស តាមរយៈការបញ្ចូលបច្ចេកវិទ្យា(AI) ក្នុងវិស័យអប់រំនេះ ដើម្បីបង្កើនគុណភាព នៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ជាពិសេសត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងរលក នៃការបដិវត្តន៍ បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរគ្រប់វិស័យ ក្នុងពិភពលោក។

សូមបញ្ជាក់ថា ការរៀបចំសកម្មភាព សម្រាប់សម្របសម្រួលការងារ អប់រំពាក់ព័ន្ធនឹង AI បានបង្កើតឡើងក្នុងគោលបំណង ៖ (១) ដឹកនាំការងារពាក់ព័ន្ធ នឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ច(AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំក្របខណ្ឌគោល នយោបាយនិងយុទ្ធសាស្ត្រលើអភិបាលកិច្ច (AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិ សេដ្ឋកិច្ច និង សង្គមឌីជីថល ពិនិត្យនិងសម្រេច, (២) ដឹកនាំការងារពាក់ព័ន្ធ នឹងការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទី បង្ហាញផ្លូវលើការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យនិងសម្រេច, និង(៣). ពិនិត្យឡើងវិញលើមុខ សញ្ញាការងារ ដែលបានអនុវត្ត កន្លងមកពាក់ព័ន្ធនឹង(AI) រួចសហការធ្វើការតម្រង់ទិស និងកែសម្រួល ឬផ្ទេរមុខសញ្ញាការងារ ទាំងនោះ ឱ្យស្របតាមការសម្រេចខាងលើ ៕

To Top