ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់ស៊េរីទំនើបមួយគ្រឿង និងរថយន្តដឹកកម្មករ នៅម៉ោង៦និង២០នាទីព្រឹកថ្ងៃ៧ ឧសភា ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យកម្មការិនីម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកម្មករ៤១នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល។

រថយន្ដដឹកកម្មករ ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B-4649 មានដឹកកម្មករ៤២នាក់ , អ្នកបើកបរឈ្មោះឈឿង នាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បើតាមស្នងការខេត្តកំពង់ស្ពឺ មុនពេលកើតហេតុ រថយន្តដឹកកម្មករ បានធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយ រថយន្ដមួយ គ្រឿងទៀត ប៉ុន្តែចៃដន្យដោយរថយន្តទំនើបនោះ បានបត់ឆ្វេងដៃឆ្លងផ្លូវ ក៏បណ្ដាលឲ្យជួបគ្រោះថ្នាក់តែម្ដង ខណៈរថយន្តដឹកកម្មករបានរេចង្កូតគេចទៅបុកដើមឈើ បណ្ដាលឲ្យស្លាប់កម្មការិនីម្នាក់ , របួសធ្ងន់៥នាក់ និងរបួសស្រាល៣៦នាក់ ។

ក្រោយហេតុការណ៍សមត្ថកិច្ច នគរបាលបានបញ្ជូនកម្មករ-កម្មការិនី រងរបួសទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ៕





