ព័ត៌មានជាតិ

«ដំបៅមហារីកពន្ធគយ» កំពុងរាលដាល ក្នុងសង្គមអាមេរិក

ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ»របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានញាំញីឱ្យពិភពលោក ដែលកំពុងមានភាពរង្គោះរង្គើស្រាប់កាន់តែ មានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយដោយមិនរើសមុខ និងខ្ពស់ខុសទំនងបានធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងអាមេរិក និងបណ្តាប្រទេសនានាធ្លាក់ក្នុងភាពជាប់គាំង ដោយសារតែពាណិជ្ជករនៃបណ្តាប្រទេស មានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិក ដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។

ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សារ របស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក ។ រដ្ឋាភិបាលអាមេរិកគិតស្មានថា ការយកពន្ធគយខ្ពស់ចំពោះផលិតផលនាំចូលពីបរទេស នឹងផ្តល់អាទិភាពឱ្យសហគ្រាសក្នុងស្រុកអាច «លក់ចេញផលិតផលកាន់តែច្រើន» ប៉ុន្តែរដ្ឋាភិបាលអាមេរិកគិតខុសត្រង់ថា ប្រទេសនានានឹងមិនសំងំស្ងៀម ឱ្យអាមេរិកធ្វើតាមតែទំនើងចិត្តនោះទេ ជាលទ្ធផលគឺប្រទេសជាច្រើនបានដាក់ចេញវិធានការ ឆ្លើយតបវិញដែលធ្វើឱ្យផលិតផលអាមេរិកពិបាកនាំចេញ ។

ក្រៅពីនេះ ការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឱ្យការនាំចូលវត្ថុធាតុដើម ពីបរទេសឡើងថ្លៃខ្ពស់ផងដែរ ដែលធ្វើឱ្យសហគ្រាសអាមេរិកត្រូវចំណាយដើមទុន កាន់តែច្រើនសម្រាប់ការផលិតផលិតផលរបស់ខ្លួន ហើយក៏ត្រូវលក់ចេញក្នុងតម្លៃខ្ពស់ជាងមុន ដែលទីបំផុតគឺអ្នកប្រើប្រាស់របស់អាមេរិក ត្រូវចំណាយលុយកាន់តែច្រើនសម្រាប់ការទិញ ផលិតផលមិនថាផលិតក្នុងស្រុកឬនាំចូលពីបរទេសក្តី ។

ជារឿយៗ អាមេរិកតែងចាត់ទុកប្រទេសចិន ជាគូប្រជែងឬសឹងតែជាគូសត្រូវរបស់ខ្លួន ហើយតែងតែដាក់ចេញគោលនយោបាយ ដែលដាក់កំហិតនិងគាបសង្កត់ ចំពោះសហគ្រាសចិនក្រោមលេស«សន្តិសុខជាតិ» ។ រដ្ឋាភិបាលអាមេរិកហាក់ដូចជា «បានចិត្ត» ខ្លាំងចំពោះការប្រើពន្ធគយជាអាវុធ ដើម្បីសម្លុតគំរាមប្រទេសនានា ជាពិសេសប្រទេសចិន ហើយគិតថាចិនជាសត្វចៀមដែលសំងំឱ្យធ្វើបាបតាមទំនើងចិត្ត ហេតុនេះទើបមានការដាក់ពន្ធគយរហូតដល់ ខ្ទង់រយភាគរយចំពោះផលិតផលនាំចូលពីចិនដែលជាតួលេខដ៏ «ឆ្កួតលេលា»គួរឱ្យអស់សំណើច ។

ជាការឆ្លើយតប ប្រទេសចិនបានលើកឡើងថា ចិនមិនចូលរួមលេង«លែ្បងតួលេខពន្ធគយ»ជាមួយអាមេរិកនោះទេ តែប្រសិនបើអាមេរិកពិតជាយកពន្ធគយជាក់ស្តែងមែន នោះចិននឹងឆ្លើយតបវិញដោយស្មើគ្នា ។ ប្រទេសចិនក៏បានគូសរំលេចជាច្រើនលើកច្រើនសាផងដែរថា សង្គ្រាមពន្ធគយឬសង្គ្រាមពាណិជ្ជកម្មវាគ្មានអ្នកឈ្នះទេ មានតែការខាតបង់ទាំងសងខាង ហើយអ្នកដែលត្រូវបង់តម្លៃចុងក្រោយគឺអ្នកប្រើប្រាស់ ។ បើអាមេរិកចង់ចរចាដោយស្មោះត្រង់និងស្មើភាពគ្នា ប្រទេសចិនបើកទ្វារជានិច្ច តែបើបន្តធ្វើសង្គ្រាមពន្ធគយ ចិននឹងប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ។

គួររំលឹកថា អស់កាលជាយូរឆ្នាំមកហើយ ប្រទេសចិនជាអ្នកនាំចូលធំបំផុតនូវផលិតផលកសិកម្មរបស់អាមេរិក ជាពិសេសគឺសណ្តែកសៀង ។ ការបំផុសសង្គ្រាមពន្ធគយរបស់រដ្ឋាភិបាលអាមេរិកជាមួយចិន បាននាំឱ្យសហគ្រាសនាំចូលរបស់ចិនងាកទៅនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលវិញ ដែលធ្វើឱ្យសណ្តែកសៀងរបស់កសិករអាមេរិកត្រូវជាប់គាំងលក់មិនចេញ ។ រីឯទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលជាផលិតផលចិនដែលមានគុណភាពល្អនិងមានតម្លៃថោកសមរម្យក៏ត្រូវឡើងថ្លៃរាប់សិបដងនៅទីផ្សារអាមេរិក ដែលបង្កើនបន្ទុកខ្លាំងដល់អ្នកប្រើប្រាស់របស់អាមេរិក ។ នេះហើយជា«ប្រសិទ្ធភាព»នៃគោលនយោបាយ«អាមេរិកជាអាទិភាព»របស់លោក ត្រាំ ។

ជាងនេះទៅទៀត អាវុធពន្ធគយរបស់រដ្ឋាភិបាលលោក ត្រាំ ក៏បានវាយប្រហារចូលទៅក្នុងវិស័យឧស្សាហកម្មភាពយន្តទៀតផង ពោលគឺលោក ត្រាំ បានប្រកាសថានឹងយកពន្ធ ១០០ភាគរយលើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិកក្រោមហេតុផលថា ហូលីវូដបាន«រងគ្រោះ»យ៉ាងខ្លាំង ដែលបណ្តាលឱ្យឧស្សាហកម្មភាពយន្តអាមេរិកកំពុង«ធ្លាក់ចុះយ៉ាងឆាប់រហ័ស»ដែលបង្កជា«ការគំរាមកំហែងដល់សន្តិសុខជាតិ»ចំពោះសហរដ្ឋអាមេរិក ។ ទាក់ទិននឹងករណីនេះ ឥស្សរជនមួយចំនួននៃវិស័យឧស្សាហកម្មភាពយន្តបានថ្លែងថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់ឧស្សាហកម្មភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍របស់ហូលីវូដ ។

ទង្វើខុសទំនងដែលប្រើអាវុធពន្ធគយ តែពីសតែពាសរបស់រដ្ឋាភិបាលអាមេរិកមិនត្រឹមតែ មិនបានទាញយកផលចំណេញឱ្យប្រជាពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាដូចជាដំបៅមហារីកដែល កំពុងរីករាលដាលក្នុងសង្គមអាមេរិក ។ ប្រសិនជាមិន«វះកាត់»ចោល«ដំបៅពន្ធគយ»នេះទេ នោះគ្រួសាររាប់ម៉ឺនរាប់សែនរបស់អាមេរិក នឹងត្រូវប្រឈមនឹងសម្ពាធចាយវាយប្រចាំថ្ងៃ លើសពីមុនទ្វេដងឬច្រើនដង ពិសេសកសិករអាមេរិកនឹងត្រូវខាតបង់ ចំណូលយ៉ាងច្រើនរហូតដល់មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។ អភិបាលរដ្ឋជាច្រើនរបស់អាមេរិកបានចេញមុខ ប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ ជាបន្តបន្ទាប់ ហើយបាតុកម្មក៏បានផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តារដ្ឋនានារបស់អាមេរិក ។

ពាក្យមួយឃ្លាពោលថា «អ្នកដែលទទួលបានការគាំទ្រពីប្រជាជនទើបបានកាន់អំណាច» ។ តាមការស្ទង់មតិនាពេលថ្មីៗកន្លងទៅនេះស្តីពីអត្រាគាំទ្រចំពោះការកាន់អំណាចក្នុងរយៈពេល ១០០ ថ្ងៃរបស់លោក ត្រាំ បង្ហាញថា អត្រាគាំទ្រមានត្រឹមតែ ៣៩% តែប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់អាមេរិក ។ រដ្ឋាភិបាលរបស់លោក ត្រាំ គួរពិចារណាឡើងវិញឱ្យបានហ្មត់ចត់ពីគោលនយោបាយរបស់ខ្លួន ហើយងាកទៅធ្វើរឿងណាដែលមានប្រយោជន៍ចំពោះអាមេរិកនិងប្រទេសនានាលើពិភពលោក ដើម្បីទទួលបានទំនុកចិត្តពីប្រជាជនរបស់ខ្លួនក៏ដូចជាសហគមន៍អន្តរជាតិ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top