ព័ត៌មានជាតិ

១ឆ្នាំៗ ពេទ្យគន្ធបុប្ផា ព្យាបាលក្មេងកើតជំងឺមហារីក ១០០នាក់ និងចំណាយជាង ១ពាន់ដុល្លារ លើ១នាក់

ភ្នំពេញ​៖ ក្នុង១ឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងៗ កើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ១នាក់។

យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ក្នុងនោះការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក ។

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ ដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ក៏មានផងដែរ ។ មហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម ដែលភាគច្រើនជាប្រភេទ nephroblastoma។ មហារីក នៅកោសិកាប្រសាទ ប្រភេទneuroblastoma។ ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួកព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma ។

ការលើកឡើងពីអត្រាក្មេងកើតជំងឺមហារីកនេះ បន្ទាប់ពីកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” នាថ្ងៃ៥ ឧសភា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ ក្នុងពិធីបើកនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសឲ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងផ្សព្វផ្សាយពីរបបអាហារដល់ពលរដ្ឋ ជៀសវាងអាហារណាមិនល្អបរិភោគហើយ នាំឲ្យប៉ះពាល់ដល់សុខភាព នឹងឈានទៅរកជំងឺមហារីក៕

To Top