ភ្នំពេញ ៖ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។
នេះបើយោងតាមសេចក្ដីបញ្ជាក់ព័ត៌មាន របស់អ្នកនាំពាក្យ ចេញផ្សាយនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ស្ដីពី ករណីបន្តមានបុគ្គលយកឈ្មោះ និងរូបភាពជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ។
សេចក្ដីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។ បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ លោកឧបនាយករដ្ឋមន្ដ្រី និងលោកភរិយា ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។
«ដូច្នេះ ពីអំណឹះតទៅ មិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួន។» នេះជាខ្លឹមសារដាស់តឿនមានក្នុងសេចក្ដីបញ្ជាក់ព័ត៌មានដដែល។
អាស្រ័យដូចបានជម្រាបជូន អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ជូនខាងលើ ហើយក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ សូមសាធារណជនទាក់ទងមកខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីជម្រះមន្ទិល៕
