ព័ត៌មានជាតិ

ស្ពានមេគង្គក្រចេះ សម្រេចលទ្ធផលជាង ៩០% , បើគ្មានអ្វីប្រែប្រួលនឹងដាក់ដំណើរការបណ្តោះអាសន្ន​ នៅខែកញ្ញា

ភ្នំពេញ៖ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០%ហើយ ខណៈនៅវេលាម៉ោ១០ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់សៀងហៃ(SCG)បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ ។

ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ , ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។

គម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។

បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ៕

To Top