ភ្នំពេញ៖ ទិវាចងចាំ ដើម្បីរំលឹកពីរបបសាហាវយង់ឃ្នង ដែលមិនអាចបំភ្លេចបាន នៃការប្រល័យពូជសាសន៍ របស់ ប៉ុល ពត នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹ ងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ ។
ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ ជាង៣លាននាក់។

សម្រាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះ នឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ។ នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំមួយត្រៀមរៀបចំ ទិវាជាតិនៃការចងចាំ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសរីកចំរើនជឿនលឿន ទៅជាប្រទេសគ្មានអ្វីទាំងអស់។ នាពេលបច្ចុប្បន្ន តែងប្រារព្ធទិវាចងចាំ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបប ដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា ។
ក្នុងនោះលោក ឃួង ស្រេង បានបញ្ជាក់ថា “ទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូពីការផ្សាយផ្ទាល់ ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ ជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំនោះទេ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងការរៀបចំប្រជាពលរដ្ឋមន្ត្រីរាជការចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។

លោក ឃួង ស្រេង លេីកឡេីងថា ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹង ក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេច ក្នុងការចូលក្នុងការប្រារព្ធទិវាចងចាំ២០ឧសភានេះ។ ក្នុងនោះនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានី ជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។
ដោយសារតែការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងជាថ្នាក់ជាតិដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនា និងមន្ទីរវប្បធម៌ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារ ដែលត្រូវអនុវត្ត។

ដោយឡែកចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខ ឱ្យបានល្អប្រសើរ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារ ចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សំអាតទីធ្លាឱ្យបានស្អាត ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ៕
