ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ ៖ បញ្ហាគ្រឿងញៀន មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ ត្រូវពួតដៃគ្នាទប់ស្កាត់

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា បញ្ហាគ្រឿងញៀន មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបទទួលបានជោគជ័យ។

ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ប្រមុខក្រសួងមហាផ្ទៃ បានលើកឡើងអំពីបញ្ហាក្មេងទំនើង ថ្វីត្បិតតែមួយរយៈនេះមានការថយចុះក៏ពិតមែន ក៏នៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។

ប្រមុខក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «អំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដែលក្នុងនោះទាមទាឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាល សហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ព្រោះបញ្ហាគ្រឿងញៀននេះ មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបការងារនេះ ទទួលបានជោគជ័យដ៏ធំធេង»។

លើសពីនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យបន្តយកចិត្តទុកដាក់ឆ្លើយតបដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ពិសេសប្រជាជន ដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព និងងាយរងគ្រោះ និងត្រៀមលក្ខណៈ ទាំងធនធាន និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដូចជា៖ ភ្លៀង ផ្គររន្ទះ គ្រោះអគ្គិភ័យ ទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងជាដើម ព្រមទាំងបន្តជំរុញការងារបញ្ជាក់អត្តសញ្ញាណកម្ម ក៏ដូចជាអត្រានុកូលដ្ឋាន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានតម្រូវការប្រើប្រាស់៕

To Top