ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់ តែជាអវត្ដមាន នៃជម្លោះនោះទេ គឺជាមូលដ្ឋានគ្រឹះ សម្រាប់កសាងនូវអនាគត

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់ តែជាអវត្ដមាន នៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងនូវអនាគត។

ការលើកឡើងបែបនេះ ក្នុងឱកាស លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី៨០ នៃជ័យជំនះ របស់សហភាពសូវៀត ក្នុងសង្រ្គាមលោក លើកទី២ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោកបណ្ឌិត លី ធុជ បានលើកឡើងពីប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា «បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»។

ជាមួយគ្នានោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែង នូវការអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្សី ចំពោះជ័យជំនះ របស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ ដែលជ័យជំនះនេះ មិនគ្រាន់តែបង្ហាញ ពីការបញ្ចប់អរិភាពនោះទេ វាបានធ្វើឱ្យមានក្តីសង្ឃឹមឡើងវិញ សម្រាប់មនុស្សជាតិ និងបានបង្ហាញពីការលះបង់ ពលី និងការតស៊ូរួម ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព សម្រាប់ពិភពលោកទាំងមូល។

លោក ទេសរដ្ឋមន្រ្តី បន្តទៀតថា កម្ពុជា បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងភាពជូរចត់នៃសង្រ្គាម។ លោកថា «សម្រាប់ប្រទេសកម្ពុជា សន្តិភាពមិនមែនគ្រាន់ តែជាអវត្ដមាននៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កសាងនូវអនាគត ដែលជាមាគ៌ាមិនអាចខ្វះបាន ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព» ។ ដូចប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា «បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»៕

To Top