ភ្នំពេញ ៖ ក្មេងស្រី-ប្រុស វ័យជំទង ចំនួន៣នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ឆាបឆេះ រថយន្តដឹកប្រេងមួយគ្រឿង ហើយបន្តរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃ៧ ឧសភា ។

រថយន្តរងការឆាបឆេះជា របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) បន្តឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ។

ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់ សង្ក័សីមានទំហំទទឹង ៤ម៉ែត្រ×បណ្ដោយ៦ម៉ែត្រ (អស់ទាំងស្រុង) ។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឲ្យឆេះ ដល់កូនៗរបស់ពួកគេទាំង២គ្រួសារ ស្លាប់ចំនួន៣នាក់រួមមាន ៖ ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ២. ឈ្មោះ ភក្ដី រីតា ភេទស្រី អាយុ១៥ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង៣. ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ១៣ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។

មូលហេតុ នៃការឆេះតាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុសអាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង របស់ក្រុមហ៊ុន CLEAN ENERGlES ដែលបានបង្ហូរសាំងលក់ឲ្យផ្ទះខ្លួន បានចំនួន២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរ សាំងបន្ថែមទៀត ទើបតែបានកន្លះប៊ីដុង ពេលនោះម្ដាយរបស់គាត់ ក៏កំពុងអាំង ងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែរោលឆាបឆេះទៅជាអគ្គិភ័យកើតឡើងតែម្ដង៕

