ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានរកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តខុសវិន័យ ព្រមទាំងដកហូតតំណែងមកជាមន្ដ្រី។
យោងតាមសេចក្ដីបំភ្លឺរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេង យកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។
ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖

ទី១៖ លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ។
សាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវាដែលជាថ្នូរ ទៅនឹងការបង្ហាត់បង្ហាញ ពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុស ដែលខ្លួនបានប្រើប្រាស់តួនាទី ជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវី បម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន ។
ទី២៖ ដោយពិនិត្យឃើញថា លោកវរសនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទី ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាព ដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រីនគរបាលជាតិ។ បច្ចុប្បន្នមន្ត្រីរូបនេះ ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ ៕
