ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឆ្លើយតបទៅលោក ស៊ុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធករណីលោកបង្ហោះអំពីការផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោល គឺជាការបំផ្លើស និងគ្មានមូលដ្ឋានច្បាស់លាស់ ។
ការលើកឡើងរបស់ស្នងការខេត្តកំពង់ធំនាព្រឹកថ្ងៃ៨ ឧសភានេះ បន្ទាប់ពីរថយន្តរបស់អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ក៏ត្រូវបានរងការពិន័យផងដែរពីការបើកលើសល្បឿន នៅ ម្តុំគីឡូលេខ ២០០ ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ។ ក្រោយរងការពិន័យលោក ស៊ុន ឆៃ បានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃ៦ ឧសភា អំពីការដាក់កុងត្រូលចាប់ល្បឿនរថយន្តនេះថា ល្បឿនកំណត់៨០គីឡូម៉ែត្រក្នុង១ម៉ោង។ នៅទីនេះ អ្នកបើកលើសពី៨០ដល់៨៩ត្រូវពិន័យ១២ម៉ឺនរៀល។ ចំពោះអ្នកបើកបរលើសល្បឿនពី៩០ទៅ៩៩គីឡូម៉ែត្រ ត្រូវពិន័យ២៤ម៉ឺនរៀល ។ តែបើសម្រួលក្រៅផ្លូវការយកតែ៤ម៉ឺនរៀលទេ។ តាមដឹង ការអនុវត្តច្បាប់ ការបើកបរលើសពីល្បឿនកំណត់១ឬ២គីឡូម៉ែត្រ មិនត្រូវផាកពិន័យទេ។ មានការគំរាមមិនឲ្យថតរូបទេ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបកស្រាយថា ការដាក់គោលដៅត្រួតពិនិត្យល្បឿន គឺអនុវត្តតាមគោលការណ៍ និងកម្មវិធីត្រួតពិនិ្យដែលមានការឯកភាពពីថ្នាក់ដឹកនាំត្រឹមត្រូវ មិនមែនជាការដាក់កុងត្រូលជជុះទេ។ ក្នុងនោះការអនុវត្តច្បាប់ បានចែងកំណត់អំពីអំពើល្មើសល្បឿនពី១គីឡូម៉ែត្រដល់១៩គីឡូម៉ែត្រក្នុង១ម៉ោងត្រូវពិន័យអន្តរកាណ៍ជាប្រាក់១២០,០០០រៀល និងដកពិន្ទុប័ណ្ណបើកបរមួយពិន្ទុ។ ដោយឡែក រថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8514បើកល្បឿន ៩៣គីឡូម៉ែត្រក្នុង១ម៉ោង លើសល្បឿនកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក១៣គីឡូម៉ែត្រក្នុង១ម៉ោង ត្រូវពិន័យចំនួន១២០,០០០រៀល តែអ្នកបើកបរមិនបាននិយាយតវ៉ាអ្វីទេ គ្រាន់តែទម្លាក់លុយ៤០,០០០រៀលនៅលើតុ ហើយដើរចេញទៅនគរបាលជំនាញឃាត់មិនទាន់។
ក្រុមការងារស្នងការខេត្តបញ្ជាក់ទៀតថា ចំពោះរថយន្តម៉ាក RX330 ពណ៌ផ្ទៃមេឃ ភ្នំពេញ2AS-9132 បើកបរដោយបុរសម្នាក់ជាអ្នកបើកបររថយន្តរបស់ លោក ស៊ុន ឆៃ ល្មើសល្បឿន១៨គីឡូម៉ែត្រក្នុង១ម៉ោង ។ ពេលនោះនគរបាលចរាចរណ៍បានសុំប័ណ្ណបើកបរដើម្បីធ្វើការត្រួតពិនិត្យ ហើយបានធ្វើការអប់រំ និងអនុញ្ញាតឲ្យគាត់បន្តដំណើរ។
ក្រុមការងាររបស់ស្នងការខេត្តបញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍មិនមានការផាកពិន័យ ២៤០,០០០រៀល ដូចការលើកឡើងរបស់គណនីហ្វេសបុក Son Chhay ឡើយ។
ចំពោះការលើកឡើងរបស់លោក ស៊ុន ឆៃថា មានការគំរាមមិនឲ្យថតរូបនោះ ក្រុមការងារនៃស្នងការខេត្តបញ្ជាក់ត្រឡប់ទៅវិញថា ការថតរូបនៅគោលដៅត្រួតពិនិត្យល្បឿននគរបាល មិនបានគំរាមអ្នកថតឡើយ តែបានសំណូមពរកុំឲ្យថត ព្រោះនគរបាលកំពុងបំពេញភារកិច្ច។
ជាមួយគ្នានេះ ស្នងការខេត្តក៏បានស្នើម្ចាស់គណនីហ្វេសបុកឈ្មោះ Son Chhay ចុះផ្សាយកែតម្រូវឡើងវិញផងដែរ៕





