ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ក្រោយឃេីញថា មានអ្នកទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករ និងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ -អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ការកោតសរសេីរពីសំណាក់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វេីឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។
ដោយសារ តែមានការប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មួយរូប គឺលោក អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ជំនួសលោក អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានទទួលមរណភាពនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្តការងាររបស់ខ្លួន ឱ្យបានល្អស្របតាមច្បាប់ជាធរមាន។បន្ថែមពីនេះទីចាត់ការធនធានមនុស្ស ត្រូវរៀបចំឯកសារ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្មី បានទៅប្រកាសទ្រព្យសម្បត្តិ នៅអង្គភាពប្រឆាំងអំពើពុករលួយ។
ជាមួយគ្នានេះ លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងបានលើកឡើងថ ា ការកោតសរសើរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាការលើកទឹកចិត្ត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។ ដោយចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំចំណតបន្ថែមទៀត ដើម្បីទទួលភ្ញៀវទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)នោះ រដ្ឋបាលរាជធានីភ្នំពេញមិនអាចពង្រីកបន្ថែម ចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរណ៍បានទេ ព្រោះសុទ្ធតែជាដីឯកជន។ រដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យភ្ញៀវ ដែលទៅដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង(Walk Street)ប្រើប្រាស់មធ្យោបាយរួម៕






