ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការផ្តល់វត្តមាន អញ្ជើញចូលរួមរបស់ តំណាងរដ្ឋបាលខេត្ត ទាំង២៥ ដែលជាការបង្ហាញឱ្យឃើញ អំពីការយកចិត្តទុកដាក់ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍជនបទ ដោយហេតុថាវិស័យអភិវឌ្ឍន៍ជនបទ ជាកិច្ចការពហុវិស័យដែលទាមទារឱ្យ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើន អាចប្រគួតប្រជែងជាមួយបណ្ដាប្រទេសនានា នៅក្នុងសកលលោក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការបន្ដបេសកកម្មជាប្រវត្តិសាស្ដ្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេន​ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីចូលរួមចំណែកសម្រេចនូវទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក និងដាក់ទិសដៅអភិវឌ្ឍន៍ជនបទរយៈពេលវែង ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”។

លោករដ្ឋមន្ដ្រី បានស្នើដល់អង្គប្រជុំទាំងមូល ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនា ដើម្បីជួយបំពេញបន្ថែមលើផែនការអភិវឌ្ឍន៍រយៈពេលវែងនេះ ឱ្យមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ សម្រេចសមិទ្ធផល ជាក់ស្ដែងជូនប្រជាជន និងប្រទេសជាតិ។

កិច្ចប្រជុំពិគ្រោះយោបល់បានដំណើរការ ដោយមានការធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជូនដល់អង្គពិធីទាំងមូល ផ្ដោតលើចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គប្រជុំមូល។

បន្ទាប់មកអង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ និងសំណូមពរនានា ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានទទួលនូវធាតុចូលល្អៗ សម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យកាន់តែច្បាស់លាស់ និងមានវិសាលភាពអនុវត្តបានទូលំទូលាយ។

ជាកិច្ចបញ្ចប់នៃអង្គប្រជុំ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ ដល់ក្រុមការងារតាក់តែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូល ដែលទទួលបានពីអង្គប្រជុំ ព្រមទាំងស្នើសុំដល់តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់បន្ដចូលរួមសហការ និងផ្ដល់ធាតុចូលបន្ថែមទៀត ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្ដ្រ រយៈពេលវែងនេះកាន់តែមានភាពល្អប្រសើរ ឆ្លើយតបទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យារបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងមាននិរន្ដរភាព៕

To Top