ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បញ្ជាក់អំពីតួនាទីភារកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងការទទួលពាក្យ​ បណ្ដឹងពីពលរដ្ឋ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានផ្តល់ការពន្យល់ ឆ្លើយតបទៅនឹងការលើកឡើង និងការចង់ដឹងរបស់មហាជន អំពីតួនាទីភារកិច្ច ព្រមទាំងសមត្ថកិច្ចទទួលពាក្យប្ដឹង និងការចាត់ការបណ្ដឹង របស់បុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។

លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអាណាព្យាបាលថ្នាក់ជាតិ ដែលគ្រប់គ្រងលើ នគរបាលទូទាំងប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងរហូតទៅដល់ថ្នាក់ឃុំ-សង្កាត់ ។ លោក បានបន្តថា ចំពោះនៅក្នុងថ្នាក់មូលដ្ឋាន គឺមានការដឹកនាំបញ្ជាផ្ទាល់បន្ថែមទៀត ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត មានអធិការដ្ឋានក្រុង ស្រុក ខណ្ឌ គ្រប់គ្រងលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងបានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ គឺបានចែកចេញជា ៤ប្រភេទសំខាន់ៗ ប្រភេទទីមួយ គឺប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ដែលមានក្របខ័ណ្ឌ មានន័យថា មានកម្លាំងគឺចាប់ពី៨នាក់ រហូតដល់ទៅ១២នាក់ ប្រភេទទី២ គឺជាប៉ុស្តិ៍នគរបាល ដែលមានកម្លាំង ឬក្របខ័ណ្ឌចាប់ពី១៣នាក់ រហូតដល់១៨នាក់ ប្រទេសទី៣ គឺជាប៉ុស្តិ៍នគរបាលដែលមានក្របខ័ណ្ឌជាកងកម្លាំងចាប់ពី១៩នាក់ រហូតដល់២៥នាក់ ចំណែកទី៤ គឺប៉ុស្តិ៍នគរបាលដែលមានក្របខ័ណ្ឌ ឬកងកម្លាំងចាប់ពី២៦នាក់ រហូតដល់ទៅដល់៣២នាក់។ ចំពោះការបែងចែកឱ្យមានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ប្រភេទទាំង៤នេះ គឺយោងទៅតាមកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តាសង្គម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកតួនាទី និងភារកិច្ចមួយចំនួនរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បញ្ជាក់មហាជនឱ្យបានដឹងថា ប៉ុស្តិ៍គរបាលរដ្ឋបាលឃុំ-សង្កាត់ មានតួនាទីនិងភារកិច្ច ចាត់វិធានការដើម្បីធានានូវសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ចាត់វិធានការពារកន្លែងកើតហេតុ គ្រប់គ្រងការចុះបញ្ជីស្ថិតិបងប្អូនប្រជាពលរដ្ឋ ចំនួនគ្រួសារ ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានានៅក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ការចុះបញ្ជីស្ថិតិអាវុធគ្រឿងផ្ទុះ ឬសារធាតុផ្សេងៗ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក៏មានតួនាទីគ្រប់គ្រងបញ្ជីទិន្នន័យ ដែលជាអាទិ៍រួមមានទីតាំង នៃអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីយដ្ឋាន ក្លឹបកម្សាន្ត អង្គការជាតិ អន្តរជាតិនានា លំនៅឋានជនបរទេស ក្រុមហ៊ុនរោងចក្រសហគ្រាស និងសហគមន៍ ផ្តល់សេវារដ្ឋបាល ជូនបងប្អូនប្រជាពលរដ្ឋ និងអនុវត្តគោលការណ៍ការងារនគរបាលនិងសហគមន៍ សំដៅកៀរគរការចូលរួម ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំងអស់ធ្វើជាជំនួយការ ជូនដល់ក្រុមប្រឹក្សារឃុំ-សង្កាត់ នៅក្នុងការកសាង ដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារ នៅតាមឃុំសង្កាត់ ដើម្បីជាកម្លាំងជំនួយនៅក្នុងការ រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងមានតួនាទីភារកិច្ចផ្សេងៗជាច្រើនទៀត។

ចំណែកការទទួលពាក្យបណ្តឹង របស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ជាទូទៅរាល់ពាក្យបណ្ដឹងទាំងអស់ គឺត្រូវបែងចែកជា២ប្រភេទ ទី១គឺពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរ និងទី២ គឺជាពាក្យបណ្ដឹងផ្ទាល់មាត់។ លោកបានធ្វើការពន្យល់ថា ពាក្យបណ្ដឹងជាលាយ លក្ខណ៍អក្សរមានន័យថា នៅពេលដែលប្រជាពលរដ្ឋមានបញ្ហាណាមួយ គឺពលរដ្ឋអាចសរសេរ ពាក្យបណ្តឹងនោះដោយផ្ទាល់ដៃដាក់ទៅកាន់ប៉ុស្តិ៍នគរបាលនៅក្នុងមូលដ្ឋាន ដែលជាភាពងាយស្រួលដល់នគរបាលក្នុងការទទួលពាក្យបណ្ដឹង ដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំពោះការដាក់ពាក្យបណ្ដឹងផ្ទាល់មាត់ គឺមន្រ្តីនគរបាលប៉ុស្តិ៍ក៏មានតួនាទី ទទួលពាក្យបណ្ដឹងនោះ ពីប្រជាពលរដ្ឋដោយផ្ទាល់មាត់ ហើយមន្ត្រីនគរបាលប៉ុស្តិ៍កត់ត្រាសំយោគធ្វើជាពាក្យបណ្ដឹង រួចឱ្យសាមីខ្លួនអាន យល់ព្រម ឯកភាព និងចុះហត្ថលេខា ឬផ្តិតមេដៃលើពាក្យបណ្ដឹងនោះតែម្តង និងចាត់វិធានការភ្លាមៗ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ការទទួលពាក្យបណ្ដឹង ឬការប្តឹងផ្តល់ណាមួយរបស់ប្រជាពលរដ្ឋ ដែលត្រូវការពឹងពាក់ពីអាជ្ញាធរ ឬសមត្ថកិច្ច គឺមិនបានកំណត់ពីពេលវេលានោះទេ ទោះយប់ ឬថ្ងៃ ពោលគឺ២៤ម៉ោង ដែលប៉ុស្តិ៍នគរបាលទាំងអស់បានចាត់វេនប្រចាំការ ដើម្បីរង់ចាំទទួលនូវពាក្យបណ្ដឹង ទាំងបណ្ដឹងលាយលក្ខណ៍អក្សរ និង បណ្តឹងផ្ទាល់មាត់។ លោកបានបន្តថា ការទទួលពាក្យបណ្តឹង នោះអាចនឹងមានការ យឺតយ៉ាវខ្លះ យោងតាមស្ថានភាពជាក់ស្តែង ប៉ុស្តិ៍នគរបាលមួយចំនួន គឺកងកម្លាំងនៅមានកម្រិតនៅឡើយ លោកបានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់មធ្យោបាយមួយចំនួន ដូចជាទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទបើសិនជានៅឆ្ងាយ ឬក៏ធ្វើដំណើរទៅកាន់អធិការដ្ឋាន នគរបាលតែម្តងបើសិនជានៅជិត ដើម្បីងាយស្រួលដល់ការអន្តរាគម ឆ្លើយតបទៅនឹងការប្តឹងផ្តល់បានទាន់ពេលវេលា៕

To Top