ភ្នំពេញ ៖ ចាប់តាំងពីដំណើរ ការរហូតមកសព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលសហការអភិវឌ្ឍដោយចិន-កម្ពុជា បានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ មកពីបណ្តាប្រទេស និងតំបន់ នៅទូទាំងពិភពលោក ស្មើនឹងប្រមាណ ៧០% នៃចំនួនរោងចក្រសហគ្រាស សរុបនៅខេត្តព្រះសីហនុ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ប្រមាណ៣២០០០នាក់ ដែលបានក្លាយទៅជាក្បាល ម៉ាស៊ីនដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះដែរ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ នៅខែកុម្ភៈ ឆ្នាំ២០០៨ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។ រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ក្រោមគោលគំនិតអភិវឌ្ឍន៍ “រួមគ្នាឈ្នះទាំងប្រាំបីភាគី” តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿន ការអភិវឌ្ឍឥតឈប់ឈរ និងទទួលបានការពេញនិយមពីសហគ្រាសនៅទូទាំងពិភពលោក និងបានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍឧស្សាហកម្មនៅខេត្តព្រះសីហនុ។
តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងផ្លូវល្បឿងលឿង ភ្នំពេញ-ព្រះសីហនុ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ។ ដើម្បីបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការបោះទីតាំងដំណើរការផលិតកម្ម របស់សហគ្រាស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធសេវាកម្មអន្តរជាតិឥតឈប់ឈរ ជាមួយនឹងគោលគំនិត “វេទិកា+” ដើម្បីលើកកម្ពស់សមត្ថភាពទទួលឧស្សាហកម្ម ។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលធ្លាប់តែប្រើប្រាស់ម៉ាស៊ីនភ្លើង ផលិតថាមពលអគ្គិសនីដោយខ្លួនឯង បច្ចុប្បន្នបាន តភ្ជាប់អគ្គិសនី ពីអគ្គិសនីខេត្តព្រះសីហនុ និងមានរោងចក្រចំហាយផ្គុំជាមួយអគ្គិសនី និងអនុស្ថានីយអគ្គិសនី របស់រដ្ឋត្រូវបាន សាងសង់នៅទីនេះ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍពីដីព្រៃទៅជាសួនឧស្សាហកម្មអន្តរជាតិ ដែលមានហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ផលិតកម្ម និងការរស់នៅពេញលេញ ហើយបរិយាកាសអាជីវកម្ម ត្រូវបានកែលម្អឱ្យកាន់តែល្អប្រសើរឡើងម្ដងមួយជំហានៗ។
ជាម្ចាស់ក្រុមហ៊ុនម្នាក់ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ លោក ជឺរ៉ាដម៉ាទីន រ៉ាប់ហ្វឺធី អភិបាលនិងជាអគ្គនាយកនៃក្រុមហ៊ុន ហសវែ ប្រដាក់ (ខេមបូឌា) ខូអិលធីឌីបានថ្លែងថា “មូលហេតុចម្បងដែលក្រុមហ៊ុនយើង ខ្ញុំជ្រើសរើសចូលបោះទីតាំងនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅឆ្នាំ២០១០ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេសនេះស្ថិតនៅជិតកំពង់ផែ និងអាកាសយានដ្ឋានជាដើម មានទីតាំងភូមិសាស្រ្តអំណោយផល និងងាយស្រួលក្នុងការធ្វើចរាចរណ៍”។

លោកបន្តថា តាំងពីចាប់ដំណើរការ ដែលមានបុគ្គលិកត្រឹម២០នាក់ បច្ចុប្បន្នបានកើនឡើង១៧០នាក់ហើយ ដោយទទួលប្រាក់ចំណូល ប្រចាំឆ្នាំចំនួន៥លានដុល្លារ។
សម្រេចបាននូវការអភិវឌ្ឍឈ្នះៗរួមគ្នា ដែលបានមកពីការចែករំលែកវេទិកាឈានមុខគេនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមមានតែក្រុមហ៊ុន ហសវែ ប្រដាក់ (ខេមបូឌា)ខូអិលធីឌីនេះទេ។ ប៉ុន្តែពេលធ្វើដំណើរចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃើញមានអាគាររោងចក្រ ជាច្រើនតម្រាបជួរគ្នា ខណៈ សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ មកពីបណ្តាប្រទេស និងតំបន់ នៅទូទាំងពិភពលោក ស្មើនឹងប្រមាណ ៧០% នៃចំនួនរោងចក្រសហគ្រាស សរុបនៅខេត្តព្រះសីហនុ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ប្រមាណ៣២០០០នាក់ បានក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ស្របពេលដែលសមត្ថភាពទទួល ឧស្សាហកម្មត្រូវបានបង្កើនឱ្យកាន់តែល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានចាប់ផ្ដើមអភិវឌ្ឍន៍ ឧស្សាហកម្មដំណាក់កាលទីពីរ ដែលផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម នៅដំណាក់កាលទីមួយ ដូចជាវាយនភណ្ឌនិងសម្រៀកបំពាក់ កាបូបនិងវ៉ាលី ផលិតផលឈើជាដើម ទៅជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលផ្តល់អាទិភាពទៅលើការអភិវឌ្ឍឧស្សាហកម្មថ្មីនិងឧស្សាហកម្មកម្មន្តសាល ដែលមានតម្លៃបន្ថែមខ្ពស់ ភាពច្នៃប្រឌិត និងមានភាពប្រកួតប្រជែង នឹងផ្តោតទៅលើការទាក់ទាញសហគ្រាស ដែលផ្អែកលើជំនាញ ដូចជាឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡាថ្មី គ្រឿងម៉ាស៊ីន សម្ភារសំណង់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ឧស្សាហកម្មទាំងនេះ បានជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុមានកម្លាំង សន្ទុះខ្លាំងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
រោងចក្ររបស់ក្រុមហ៊ុនប៊ីវ៉ាយឌី (ខេមបូឌា)ខូអិលធីឌី បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២៥ សកម្មភាពអាជីវកម្មចម្បងគឺ ផលិតរថយន្តថាមពលថ្មី រោងចក្រនេះមានទំហំផ្ទៃដីសរុប ១២០០០០ ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតរថយន្តចំនួន១០០០០ គ្រឿងក្នុងមួយឆ្នាំ ហើយមានគម្រោងចាប់ផ្តើមដំណើការជាផ្លូវការនៅចុងឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ការសាងសង់ រោងចក្រនេះមិនត្រឹមតែអាចបន្ថែមពណ៌ភ្លឺដល់ការអភិវឌ្ឍ ប្រកបដោយគុណភាព ខ្ពស់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការអភិវឌ្ឍ ឧស្សាហកម្មផលិត រថយន្ត របស់ប្រទេសកម្ពុជា និងជួយជំរុញដល់ការប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ចប្រពៃណីទៅកាន់សេដ្ឋកិច្ចបៃតងនិងកាបូនទាបរបស់ប្រទេសកម្ពុជា។

ខេត្តព្រះសីហនុជាទីតាំង ដែលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមជា”តារារះនាទិសនិរតី” និងមានគម្រោងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសដែលមានការអភិវឌ្ឍល្អបំផុតក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងពន្លឿនជំរុញការអភិវឌ្ឍកម្រិតខ្ពស់ ការធ្វើបៃតងនីយកម្ម ឌីជីថលូបនីយកម្ម និងអន្តរជាតូបនីយកម្ម និងសម្រេចបាននូវការរួមបញ្ចូលគ្នា រវាងឧស្សាហកម្មនិងទីក្រុង ការរួមបញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំ និងការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍ សេដ្ឋកិច្ចនិងទំនួលខុសត្រូវសង្គម ៕
