បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងសម័យសង្រ្គាម និងការកើនឡើងនៃតួលេខពាណិជ្ជកម្មក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នៅវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រ។
លោកបានពណ៌នាប្រទេសនេះថាជាដៃគូសំខាន់មួយរបស់ក្រុងម៉ូស្គូនៅទ្វីបអាហ្វ្រិក។គណៈប្រតិភូអេហ្ស៊ីបបានមកដល់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះលើទីលានក្រហម និងពិធីបុណ្យផ្សេងៗទៀតដែលប្រារព្ធខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ ក្រោយការដង្ហែក្បួន មេដឹកនាំរុស្ស៊ី និងអេហ្ស៊ីបបានជួបប្រជុំទ្វេភាគីផងដែរ។
លោក Putinបាននិយាយថា៖ យើងមានសេចក្តីរីករាយដោយស្មោះត្រង់ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទីក្រុងម៉ូស្គូ។លោកបានរំលឹកពីតួនាទីរបស់អេហ្ស៊ីបជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់សម្ព័ន្ធមិត្តរបស់សហភាពសូវៀតនៅអាហ្រ្វិកខាងជើងក្នុងអំឡុងសង្គ្រាម ហើយបានកត់សម្គាល់ថា Cairo បានចូលរួមជាផ្លូវការជាមួយសម្ព័ន្ធប្រឆាំងទាំងនោះ។
លោកបានពណ៌នាអំពីទំនាក់ទំនងរុស្ស៊ី-អេហ្ស៊ីបបច្ចុប្បន្នថាកំពុងអភិវឌ្ឍដោយជោគជ័យនិងគាំទ្រដោយការសន្ទនានយោបាយទៀងទាត់និងសំខាន់។
លោក Putin បានកត់សម្គាល់ថាអេហ្ស៊ីបបានចូលរួមជាមួយ BRICS នៅឆ្នាំ ២០២៤ ហើយថានៅចុងឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ៣០ភាគរយ ឈានដល់កំណត់ត្រា ៩ពាន់លានដុល្លារ។ លោកបានបន្ថែមថា ពាណិជ្ជកម្មបានកើនឡើង ៨០ ភាគរយទៀតក្នុងរយៈពេលពីរខែដើមឆ្នាំនេះ៕
ប្រែសម្រួល៖ ស៊ុនលី
