ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទំាសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។
បន្ថែមពីនេះ រដ្ឋសភា ក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង»។
សម្តេច ប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ពន្ធលឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)» នៅវិមានរដ្ឋសភា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
សម្តេច ប្រធានរដ្ឋសភា បានថ្លែងការសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ បានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
សម្តេច ប្រធានរដ្ឋសភា បន្ដថា រាជរដ្ឋាភិបាល បានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំ ទូលាយទូទាំងរាជធានីខេត្ត ដែលបានបន្តចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានកសាងសមិទ្ធផលជាច្រើនតាមរយៈនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយអន្តរវិស័យ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រជាតិគ្រប់ដំណាក់កាល ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គោលនយោបាយជាតិ ស្តីពីការអប់រំ គោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ប្រជាជន គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ផែនការនារីរតនៈ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ជាដើមនោះ។
លើសពីនេះ សម្តេច ប្រធានរដ្ឋសភា ក៏លើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចូលការរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ការងារអប់រំផ្សព្វផ្សាយផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា និងជាពិសេសបញ្ហាជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម៕



