ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការចរចាទ្វេភាគីជាមួយអាមេរិក លើបញ្ហាពន្ធគយ

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការចរចាទ្វេភាគី ជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធគយ ។

ការសង្កត់ធ្ងន់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរបែបនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Reva Price ប្រធាន គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិន (U.S.-China Economic and Security Review Commission) និងគណៈប្រតិភូអមដំណើរ នៅទីស្ដីការក្រសួង ដើម្បីផ្លាស់ប្ដូរទស្សនៈលើទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ភាគីទាំងពីរបានកត់សម្គាល់ពីសន្ទុះជាវិជ្ជមាននៃការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិស័យអប់រំ សុខាភិបាល ការដោះមីន និងការពារជាតិ។

លោកស្រី អ៊ាត សោភា និងគណៈប្រតិភូ បានពិភាក្សាបញ្ហា នានាដែលប្រឈមនឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-អាមេរិក។ លោកស្រី បានសម្តែងការកោតសរសើរចំពោះការរួមចំណែក របស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបើកឱកាសទីផ្សារ សម្រាប់ផលិតផលកម្ពុជា។

លោកស្រីក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការចរចាទ្វេភាគី ជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធគយ និងបង្ហាញសុទិដ្ឋិនិយមថា កិច្ចចរចាដែលគ្រោងនឹងប្រព្រឹត្តទៅ នៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងទទួលបានលទ្ធផលជាផ្លែផ្កា ៕

To Top