កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើច្បាប់ ផ្តល់សច្ចាប័នលើកិច្ច ព្រមព្រៀង ធនធានធម្មជាតិ ជាមួយសហរដ្ឋអាមេរិក ដែលនឹង បង្កើតមូលនិធិវិនិយោគ រួមគ្នាសម្រាប់ការកសាងឡើងវិញ របស់ប្រទេសអ៊ុយក្រែន នេះបើយោងតាមគេហទំព័រ របស់សភាអ៊ុយក្រែន។
កំណត់សម្គាល់ពន្យល់ ចំពោះច្បាប់នេះបានឲ្យដឹងថា “ការអនុវត្តកិច្ចព្រមព្រៀង នឹងធានាឱ្យមានការអភិវឌ្ឍបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចព្រមព្រៀងដើម្បីបង្កើតមូលនិធិ ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានមួយ ផ្នែកដោយសួយសារអាករថ្មីលើធនធានរ៉ែ ឧស្ម័ន និងប្រេងរបស់អ៊ុយក្រែន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចដំបូង របស់អ៊ុយក្រែនលោកស្រី Yulia Svyrydenko និងរដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិក លោក Scott Bessent ។
យោងតាមលោកស្រី Svyrydenko បានឲ្យដឹងថា ប្រទេសទាំងពីរ នឹងសហការគ្រប់គ្រង និងសហហិរញ្ញប្បទានមូលនិធិ ខណៈដែលអ៊ុយក្រែននឹងរក្សាភាពជាម្ចាស់ និងការគ្រប់គ្រង ពេញលេញលើធនធានរ៉ែ និង ថាមពលរបស់ខ្លួន ដោយសភាអ៊ុយក្រែនបានគាំទ្រ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង កាលពីសប្តាហ៍មុន ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន បន្ទាប់ពីការផ្លាស់ប្តូរកំណត់ទូត រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកបញ្ជាក់ ពីការបញ្ចប់នីតិវិធីផ្ទៃក្នុង របស់ប្រទេសទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា
