ភ្នំពេញ ៖ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា បើគ្មានការប្រែប្រួលណាមួយកើតឡើងទេ ព្រលានយន្តហោះពោធិ៍ចិនតុង ឬអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទលែងឲ្យដំណើរការ នៅវេលាម៉ោង០០៖០០នាទីរំលងអធ្រាត្រថ្ងៃ៩ ឈានចូលថ្ងៃ១០ កក្កដាខាងមុខ ។

លោក ស៊ីន ចាន់សិរីវុត្ថាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ ឧសភាថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅ ដែលភាគីពាក់ព័ន្ធបានគ្រោងទុក ក្នុងការដាក់ឱ្យប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ស្ថិតនៅខេត្តកណ្តាលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ក្នុងលក្ខខណ្ឌ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ តែអ្វីៗគឺអាស្រ័យទៅលើលទ្ធផល នៃការពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ ដែលនឹងប្រព្រឹត្ត នៅចុងខែឧសភា រឺដើមខែមិថុនា ឆ្នាំ២០២៥នេះ ។

លោកបន្តថា ដូចអ្វីដែលបាន រៀបរាប់ខាងលើ បើគ្មានការប្រែប្រួល ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរ ការនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ហើយប្រតិបត្តិការទាំងអស់ នឹងត្រូវរុះរើទាំងស្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិ តេជោតាមការគ្រោងទុក។
លោកថា ជាមួយគ្នានេះ ជើងហោះហើរ ចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលាន យន្តហោះពោធិ៍ចិនតុងគឺជាជើងហោះហើរ Korean Air។
លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា “អីចឹងអ្វីៗខ្ញុំតែងតែនិយាយថា បើសិនគ្មានអ្វីប្រែប្រួលទេនេះទី១ ។ ទី២ បើយកថ្ងៃ១០កើតឡើងមែន គឺយើងយកថ្ងៃ៩ (កក្កដា)ម៉ោង០០ឈានចូលថ្ងៃ១០ហ្នឹងគឺជាថ្ងៃកំណត់បិទព្រលានចាស់ ចូលព្រលានថ្មី ប៉ុន្តែអ្វីៗរងចាំចម្លើយរហូតដល់បំណាច់ខែប្រាំនេះសិន”។
សូមបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ចាប់ផ្តើមកសាងជាលើកដំបូងដោយប្រទេសបារាំងនៅឆ្នាំ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងកំណើន ចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបាន បើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញ នៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCAរបស់បារាំង ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់ រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាព ទទួលអ្នកដំណើរ បាន៥លាននាក់ក្នុង១ឆ្នាំៗ ។ អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣៕
