ព័ត៌មានជាតិ

សម្តេចធិបតី៖ មិនអាចដោយសារជនឆ្លៀតឱកាស ០.១% ហើយបិទបច្ចេកវិទ្យានាំឱ្យប៉ះពាល់សិទ្ធិ និងឱកាសប្រជាជន ៩៩.៩% នោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា មិនអាចបិទបច្ចេកវិទ្យា និងការរីកចម្រើនរបស់កម្ពុជា ដើម្បីទប់ស្តាត់ជន០.១% ដែលឆ្លៀតឱកាសប្រព្រឹត្តិទង្វើខុសច្បាប់ ហើយប៉ពាល់ដល់សិទ្ធិ និងឱកាស ទៅដល់ប្រជាពលរដ្ឋ រហូតដល់ទៅ៩៩.៩% ដែលកំពុងទទួលប្រយោជន៍ និងប្រើប្រាស់ស្របតាមទិសដៅអភិវឌ្ឍ និងត្រឹមត្រូវនោះទេ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលឹកអំពីការពិភាក្សាគ្នា រវាងសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានរំលឹកនូវអនុស្សាវរីយ ក្នុងគ្រាលំបាក កាលពីជាង៤០ឆ្នាំមុន ដែលរដ្ឋបានចុះទៅប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលមានពាក្យស្លោកមួយលិចឡើងថា «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រ ស្តេចយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ដោយពេលនោះ សម្តេចធិបតី បានកត់សម្គាល់ថា ក្នុងអំឡុងពេលនោះ និងនាពេលបច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ខ្លួន ជាប្រទេសមួយដែលមានការរីកចម្រើនស្ទើគ្រប់វិស័យ តួយ៉ាងប្រសិនបើកម្ពុជា មិនមានការភិវឌ្ឍ រីកចម្រើននោះទេ ម្លេះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏មិនអាចប្រសើរឡើង ពីមួយកម្រិតទៅមួយកម្រិតនោះដែរ ។

ក្នុងនោះសម្តេចធិបតី បានថ្លែងថា បើស្ថានភាពនៅថេ ដូចពេលនោះ ប្រហែលជាគ្មានបញ្ហា ឬបទល្មើសឆ្លងដែននោះទេ ព្រោះមិនអាចចូលមក ជាមួយគ្នានោះ បើសិនជាប្រជាពលរដ្ឋក្រីក្រ ក៏គ្មានក្មេងទំនើងបង្ហោះម៉ូតូនោះដែរ ព្រោះគ្មានលុយទិញម៉ូតូជិះ ហើយបើសិនជាប្រទេសកម្ពុជា មានស្ថានភាព រឹតត្បិតសិទ្ធិសេរីភាព ​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺគ្មានការប្រើប្រាស់ឆ្លងដែននូវបច្ចេកវិទ្យាទេ ។

បន្ថែមលើនេះ សម្តេចធិបតី ថ្លែងថា ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ​និងពិភពលោក គឺធ្វើឱ្យប្រជាពលរដ្ឋ​ ៩៩.៩% បានទទួលផល ហើយប្រើប្រាស់ស្របទិសដៅ នៃការអភិវឌ្ឍ ដោយការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការធ្វើកិច្ចការងារ តួយ៉ាងការរាយការណ៍ របស់នគរបាល វីរៈព្រំដែន រាយការណ៍ ​មកអគ្គស្នងការមិនចាំបាច់​​រត់សារទៀតទេ ត្រឹមតែមួយប៉ព្រិចភ្លែចមកដល់ហើយ ជាក់ស្តែងការដោះស្រាយបញ្ហាពន្លត់អគ្គិភ័យ គ្រាន់តែមានការកើតឡើងភ្លាម ព័ត៌មានដល់ដៃកងកម្លាំងបង្ហាភ្លាម ហើយអាចចេញអន្តរាគមន៍ភ្លាមៗ ប៉ុន្តែពេលជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋ ០.១% ដែលឆ្លៀតឱកាសប្រើប្រាស់ នាំឱ្យមានបណ្តាញឧក្រិដ្ឋជនឆ្លងដែន ​ដែលបច្ចេកវិទ្យា អាចធ្វើការវាយប្រហារ ពីក្រៅប្រទេសមកក្នុងប្រទេស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ចឹងការប្រែប្រួល នៃស្ថានភាព និងការវិវឌ្ឍប្រទេស ទាមទាឱ្យយើងត្រូវដោះស្រាយបែបណា តើបិទមិនឱ្យប្រជាពលរដ្ឋ រីកចម្រើនទេ យើងមិនអាចធ្វើបានទេ តើបិទបច្ចេកវិទ្យាមិនឱ្យប្រើ យើងមិនត្រូវទេ យើងមិនអាចលះបង់ នៃការឆ្លៀតឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យាខុសច្បាប់ ដោយជន០.១% ដើម្បីបំបិតនូវសិទ្ធិ និងឱកាសរបស់ប្រជាជន ៩៩.៩% នោះទេ យើងត្រូវប្រើប្រាស់វា ខិតខំរៀបចំ នូវបទដ្ឋានគតិយុត្ត លិខិត គោលការណ៍ផ្សេងៗ ដើម្បីតម្រង់ទិស នៃការប្រើប្រាស់ គាំទ្រទៅដល់ការប្រើប្រាស់ដែលត្រឹមត្រូវ ប៉ុន្តែពេលជាមួយគ្នា គឺត្រូវអនុវត្តច្បាប់ ត្រូវទប់ស្កាត់អ្នក០.១% កុំឱ្យបំផ្លាញសង្គម”៕

To Top