ព័ត៌មានជាតិ

រដ្ឋសភា គំាទ្រពេញទំហឹង ចំពោះប្រព័ន្ធគាំពារសង្គម បានជួយពលរដ្ឋរាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយ ដល់ប្រជាពលរដ្ឋកម្ពុជា រាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានា ជាយថាហេតុ។

ជាមួយគ្នានេះប្រព័ន្ធគំាពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេល ចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំ ហានិភ័យតាមដំណាក់កាលចំនួន ៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។

សម្តេច ឃួន សុដារី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ នៃរដ្ឋសភា) សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើមូលធនមនុស្ស ដោយកំណត់យក “មនុស្ស” ជាគោលដៅអាទិភាព សម្រាប់ការអភិវឌ្ឍជាតិ ដោយបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដើម្បីផ្តល់ការគាំពារដល់ ពលរដ្ឋពេញមួយជីវិត។ ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា «រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន»។

សូមជម្រាបថា នៅវេទិកាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធគាំពារ សង្គមនៅកម្ពុជា » បានបង្ហាញពី សមិទ្ធផលគួរឱ្យកត់ សម្គាល់ពីជោគជ័យប្រព័ន្ធគំាពារសង្គម ដែលសម្រេចបាននៅក្នុងនោះរាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម (ប.ស.ស) បានគ្របដណ្តប់លើកម្លាំងពលកម្ម សំខាន់ៗ ដោយការចាប់ផ្តើមជាមួយ នឹងគម្រោងហានិភ័យ ការងារក្នុងឆ្នាំ២០០៨ និងពង្រីកដល់ការថែទាំ សុខភាពនៅឆ្នាំ២០១៦៕

To Top