ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានិង ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នៅមានវិស័យ សក្តានុពលជាច្រើន ដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀតបាន ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។
ក្នុងជំនួបនេះ ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា និងបានគោរពជម្រាបជូនសម្តេចធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សា អំពីកិច្ចសហការលើការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត នឹងមានជំនួបពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ និង ដើម្បីបន្តពិភាក្សាលើការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរ បានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការ អនុវត្តជាក់ស្តែង និងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។

លោកឯកអគ្គរាជទូត ក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស ក៏ដូចជាបានគាំទ្រ ដល់សមាគមមូស្លីមនៅកម្ពុជា។

សម្តេចធិបតី គូសបញ្ជាក់ថា កម្ពុជានិង UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីទិសដៅ នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE និងលើកទឹកចិត្តឱ្យលោកឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។
សម្តេចធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់លោកឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

