ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ក្នុងស្រុកឱរ៉ាល់

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុប ក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់ និងការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប ធ្វើឱ្យគម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ និងដាក់ឱ្យដំណើរការ ផលិតដោយកំណត់នូវស្តង់ដារថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសកម្ពុជា-ចិន និងរួមបញ្ចូលកម្លាំងថាមពលវិជ្ជមាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនស៊ីម៉ងត៍ប្រទេសចិន មានការវិនិយោគធំជាងគេនៅក្រៅប្រទេស ដែលជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនស៊ីម៉ងត៍ ខនស៍ បានវិនិយោគប្រមាណ ៤៨០លានដុល្លារអាម៉េរិក នៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារក្នុងស្រុកជិត ១០០០កន្លែង និងជាប្រយោលប្រមាណ ៣០០០ កន្លែង ហើយបានក្លាយជារោងចក្រផលិតស៊ីម៉ងត៍ ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា៕

To Top