ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ សន្តិភាព នយោបាយ និងសេដ្ឋកិច្ច ជាកត្តាចម្បង ធានាប្រក្រតីភាពសង្គម

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានធ្វើឲ្យមានការធានាប្រក្រតីភាពសង្គម និងភាពសុខសាន្តបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។

ក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» លោក ប៉ែន បូណាបានមានប្រសាសន៍ថា បានជាប្រមុខរាជរដ្ឋាភិបាលតែងតែលើកឡើង អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចមក ជារឿយៗដោយសារជាសូចនាករដ៏សំខាន់សម្រាប់វាស់ស្ទង់ស្ថានភាពសុខភាពរបស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ។

ចំណុចទាំងអស់នេះហើយដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ជាកត្តាសំខាន់ដើម្បីធានាដល់សង្គមជាតិនិងពលរដ្ឋ។

លោកប៉ែន បូណាគូសបញ្ជាក់ថា “សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគឺជាកត្តាចម្បងបំផុតនៅក្នុងការធានាប្រក្រតីភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប” ។

ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចវិញ ប្រធានអង្គភាពអ្នកនាំពាក្យបានគូសបញ្ជាក់ថា សម្រាប់ម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងចំណូលជាតិបានកើនឡើងជាលំដាប់ទាំងចំណូលពន្ធដារ និងគយ ខណៈការចំណាយរបស់រដ្ឋបានធ្វើឡើងដោយមានការប្រុងប្រយ័ត្នបំផុតដោយមិនចាយវាយខ្ជះខ្ជាយនោះទេ។

លោកបន្ថែមថា ជារួម រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តភាពសកម្ម សស្រាក់សស្រាំលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ដោយឥតងាករេ ៕

To Top