ភ្នំពេញ ៖ ការទទួលបានក្រុមហ៊ុន វិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរ នៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេស គឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្ត របស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ។
បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការ ដឹកនាំដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាន នៃការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ ។
លោក ទូច សុឃៈ បានបន្តថា ជាក់ស្តែងក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាសេនាធិការ បានយកចិត្តទុកដាក់ លើការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅខេត្តព្រះសីហនុ បន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមានភាពកក់ក្ដៅ ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុគឺជាទឡ្ហីករណ៍។
គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន១៧២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ក្នុងទំហំទុនសរុបជាង ២.៥ ប៊ីលានដុល្លារអាម៉េរិក និងអាចផ្ដល់ឱកាសការងារបានជាង១២ម៉ឺននាក់។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគដែលឈានមុខគេ ក្នុងត្រីមាសទី១នេះ រួមមាន ចិន កម្ពុជា សិង្ហបុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋអាម៉េរិក និងកាណាដា។
នៅពេលដែលកម្ពុជា ក្លាយជាគោលដៅ កាន់តែសកម្មរបស់វិនិយោគទុនបរទេស អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានអះអាងទៀតថា គ្មានអ្នកវិនិយោគណា យកទុនរាប់លានដុល្លារ ទៅវិនិយោគនៅប្រទេសដែលមានសង្គ្រាម និងអសន្តិសុខឡើយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីស្រូបយកអ្នកវិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ ៕
