ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា អំពាវនាវគ្រប់ភាគីទាំងអស់ ចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពឌីជីថលនាអនាគតរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា។

ការលើកឡើងរបស់ លោក ឡុង វីបុណ្យឫទ្ធ នាឱកាសអញ្ជើញចូលរួមក្នុងទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការទប់ស្កាត់ និងការការពារ» ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ១០០នាក់។

នាឱកាសនោះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ទិវាសុវត្ថិភាពឌីជីថល លែងជាមុខងារបច្ចេកទេសតែមួយផ្នែកទៀតហើយ វាជាអាទិភាពសម្រាប់គណៈគ្រប់គ្រងស្ថាប័ន និងគ្រឹះស្ថាន ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឬស្ថាប័នហិរញ្ញវត្ថុទាំងមូល។ វាក៏មិនមែនជាការទទួលខុសត្រូវរបស់ផ្នែកព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះដែរ តែអ្នកគ្រប់គ្នានៅក្នុងវិស័យហិរញ្ញវត្ថុជាអ្នកមានតួនាទីក្នុងការទប់ស្កាត់ និងការពារចំពោះបញ្ហានេះ។

លោក ប្រធានសមាគមធនាគារនៅកម្ពុជា បានន្ថែមថា រាល់ការចុចលើប្រតិបត្តិការ និងការផ្ទេរទិន្នន័យពិតជាមានសារៈសំខាន់ក្នុងការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ព្រោះវាអាចប្រឈមនូវការគំរាមកំហែងរាល់វិនាទី។ ការគំរាមកំហែងមានពិតប្រាកដ និងវិវត្តជាប្រចាំ។

ថ្លែងសុន្ទរកថាបើកទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៥ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ជាវេទិកាដ៏សំខាន់នេះ សម្រាប់ជំរុញកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរ និងនិយ័តករ ដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធើណិត លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ពង្រឹងលើទំនុកចិត្តពីសាធារណជន និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ។

លោក ឡុង វីបុណ្យឫទ្ធ បន្តថា «សម្រាប់ធនាគារជាតិនៃកម្ពុជា ការងារស្នូលរបស់ខ្លួនគឺ ការថែរក្សាគុណតម្លៃ និងស្ថិរភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុដែលមានបរិយាបន្ន ពិពិធកម្ម និងសុវត្ថិភាព។ យើងទទួលស្គាល់អំពីតួនាទីសំខាន់ដ៏សំខាន់នៃសុវត្ថិភាពឌីជីថល ក្នុងការថែរក្សាទំនុកចិត្តលើសេវាហិរញ្ញវត្ថុឌីជីថល។ ធនាគារជាតិនៃកម្ពុជា ក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចជា និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអតិថិជន មេត្តាចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពឌីជីថលនាអនាគតរបស់កម្ពុជា»

លោកស្រី Wong Winnie នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Mastercard ប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា កិច្ចសហការជាមួយនិយ័តករ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាគន្លឹះក្នុងការពង្រឹងវិធានសុវត្ថិភាពឌីជីថល រាប់ចាប់ពីការធានាលើសុវត្ថិភាពអត្តសញ្ញាណឌីជីថល រហូតដល់ការកសាងប្រព័ន្ធទូទាត់ប្រាក់ដែលមានភាពធន់។

គួរបញ្ជាក់ថា ទិវាសុវត្ថិភាពឌីជីថលនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបី ដែលផ្តោតសំខាន់លើការអភិវឌ្ឍគោលនយោបាយសុវត្ថិភាពឌីជីថល ការទប់ស្កាត់ការបោកប្រាស់ និងការធានាសុវត្ថិភាពលើប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ៕

To Top