ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ ៖ ក្រុមប្រឆាំងនឹងមិនជេរ អគ្គលេខាធិការ UN ដែលសរសើរពីសន្តិភាពកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានផ្ញើសារទៅកាន់ក្រុមប្រឆាំងជ្រុលនិយមថា នឹងមិនជេរប្រមាថទៅលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ក្រោយពីលោកបានកោតសរសើរ អំពីសន្តិភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក António Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

លោក ជា ធីរិទ្ធ បានថ្លែងថា ការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការ សហប្រជាជាតិពេលនេះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ដែលប្រទេសនេះ រក្សា បាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកថា នេះគឺជាមោទកភាព សម្រាប់ប្រជាជន ជាតិសាសន៍កម្ពុជា ដែលធ្លាប់តែហែលឆ្លងក្នុងភ្លើងសង្គ្រាម ហើយប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួម ជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។

លោកបន្តថា “កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះបន្តុះបង្អាប់និងជេរវាយប្រហារ តែពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ មិនជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា យ៉ាងណាក្តី ទោះបីជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ ដោយសន្តិភាព បាននាំមាតុភូមិដែលធ្លាប់តែកម្សត់ឲ្យស្គាល់ភាពរីកចម្រើនស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ។ ដូច្នេះត្រូវពួតដៃគ្នាការពារសន្តិភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងអស់គ្នា។

តាមរយៈហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃ២៤ ឧសភា លោក António Guterres បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិលនាពេលអតីតកាល ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្ម រក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាព ជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិ បានសរសើរដល់កង រក្សាសន្តិភាពកម្ពុជាចំពោះជំនាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕

To Top