ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានឲ្យដឹងថា ទីម័រឡេស្តេ នឹងបានចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ជា ធីរិទ្ធ នាថ្ងៃ២៦ ឧសភានេះ ដែលលោកបានយោងតាមហ្វេសប៊ុករបស់ប្រធានាធិបតីទីម័រឡេស្ត គឺថា ការប្រកាសឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានពេញសិទ្ធិដែលប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនេះពិតជាធ្វើឲ្យប្រជាជននិងមេដឹកនាំទីម័រ នឹងចារនូវឈ្មោះរដ្ឋបុរសកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រវត្តិសាស្រ្តដែលបានជ្រោមជ្រែងទីម័រឡេស្តេ ខណៈសម្តេចតេជោបានបំពេញទស្សនកិច្ចនៅទីម័រឡេស្តេកាលពីដើមខែនេះ ។
លោក ជា ធីរិទ្ធ បន្តថា ការទទួលយកទីម័រឡេស្តេនៅពេលនេះ ក៏ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់រដ្ឋបុរសកម្ពុជានៅក្នុងតំបន់អាស៊ានផងដែរ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាថ្ងៃ២៦ ឧសភាថា ទីម័រឡេស្តេ ឬទីម័រខាងកើតនឹងចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល”។
ក្រោយការប្រកាសពីបេក្ខភាពរបស់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាននេះ លោក ចូសេ រ៉ាម៉ូស ហ័រតា ប្រធានាធិបតីទីម័រឡេស្ដេ បានថ្លែងអំណរគុណចំពោះមេដឹកនាំ និងមន្ត្រីនៃអាស៊ានទាំងអស់តាំងពីអតីតកាល និងបច្ចុប្បន្ន។ លោកបន្តថា មេដឹកនាំ ទីម័រ តាំងពីអតីត និងបច្ចុប្បន្នបានជឿជាក់លើអាស៊ាន និងបានធ្វើការយ៉ាងលំបាកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយនេះគឺទទួលបានលទ្ធផលគួរឲ្យអបអរសាទរ៕


