ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រោយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅ អស់រយៈពេល ២៦ថ្ងៃ គឺពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញលទ្ធផលបណ្តោះអាសន្ន សរុបមានពលរដ្ឋចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋ ប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង ចំនួន ១១.២២៩.០៤៩នាក់ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ស្តីពីថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយជូនព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅ អស់រយៈពេល ២៦ថ្ងៃ គឺពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។
លោក ហ៊ែល សារ៉ាត់ បានវាយតម្លៃថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងផ្សេងៗឡើយ។ បើទោះបីជាមានបញ្ហាអាកាសធាតុ ស្ថានភាពភូមិសាស្រ្តក្នុងឃុំ សង្កាត់មួយចំនួនមិនអំណោយផល ភាពរអាក់រអួលខ្លះផ្នែកបរិក្ខារចុះឈ្មោះ និងប្រព័ន្ធអ៊ីនធឺណិត ក៏ទាំងអស់នេះ មិនធ្វើឱ្យរាំងស្ទះដល់ប្រក្រតីភាព នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឡើយ។
លោក ហ៊ែល សារ៉ាត់ ក៏បានធ្វើការកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងការផ្តល់កិច្ចសហការ របស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានបំពេញតួនាទី និងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត គឺក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់ បទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស។
ក្នុងនោះលោក បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ អ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។
អំពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ទទួលបាន ដូចខាងក្រោម៖
-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០.៨០៦នាក់
-អ្នកដែលបានផ្ទេរទីលំនៅចូលថ្មី ក្នុងឃុំ សង្កាត់ មានចំនួន ៩៩.៣៧៣នាក់
-អ្នកដែលបានស្នើសុំ កែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២៨៣.០៨១នាក់ ក្នុងនោះ មានការផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១.១៧៣.០៦៣នាក់
-អ្នកដែលបានមកធ្វើ បច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២.៤៥៣.៨៩៧នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤៨.២៨២នាក់។
លទ្ធផលបណ្តោះអាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង ចំនួន ១១.២២៩.០៤៩នាក់។
លោក ហ៊ែល សារ៉ាត់ ក៏បានជម្រាបជូនអំពីនីតិវិធី នៃការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់។
លោក បានបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្តឹងណាមួយទេ។
អំពីការរៀបចំបញ្ជីបោះឆ្នោតដំបូង លោក ហ៊ែល សារ៉ាត់ បានជម្រាបជូនថា នៅពេលទទួលបានទិន្នន័យ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាយកដ្ឋានគ្រប់គ្រងទិន្នន័យ-អ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការទៅតាមនីតិវិធី និងបច្ចេកទេស។
លោក ហ៊ែល សារ៉ាត់ បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពី គ.ជ.ប សម្រេចលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បញ្ជីទាំងនោះ នឹងត្រូវធ្វើការបិទផ្សាយជាសាធារណៈ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត បានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងករណីរកឃើញថា មានកំហុសឆ្គង នៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។ គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ គឺគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំបានលើកឡើង អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅឆ្នាំបន្តបន្ទាប់គឺឆ្នាំ២០២៦ និងឆ្នាំ២០២៧ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការធ្វើលិខិតបញ្ជាក់ ទីលំនៅមានការលំបាក ។
ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គ.ជ.ប បានជម្រាបជូនថា ឆ្នាំ២០២៥ នេះ លទ្ធផលបណ្តោះអាសន្ន នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ទទួលបានជាង ២.០០០.០០០នាក់។ អ្នកដែលបានចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៦ មានចំនួនប្រមាណ ៦.៥០០.០០០នាក់។ ដូចនេះនៅឆ្នាំ២០២៦ ខាងមុខ អ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ប្រមាណជាង ៤.០០០.០០០នាក់ ទៀត ហើយនៅឆ្នាំ២០២៧ នឹងមានប្រមាណ ៥០០.០០០នាក់ទៀត ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការងារនេះ គ.ជ.ប ត្រូវធ្វើបន្តរៀងរាល់ឆ្នាំ។ គ.ជ.ប នឹងពិចារណាថែមទៀត អំពីអ្នកដែលមានអាយុ ៦០ឆ្នាំឡើង អាចមិនចាំបាច់ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រទេនៅពេលខាងមុខ៕







