ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលខ្មែរ បង្ហាញវឌ្ឍនភាពវិស័យសុខាភិបាលកម្ពុជា ទៅអគ្គនាយក WHO

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជា បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗរបស់វិស័យសុខាភិបាលកម្ពុជា ទៅលោកបណ្ឌិត Tedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ។

ការបង្ហាញពីចំណុចសំខាន់ៗរបស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងជំនួបអាទិភាព ជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងវេលាដ៏មមាញឹក ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ដែលរដ្ឋជាសមាជិក ១៩៤ ប្រទេស ត្រូវបានអញ្ជើញចូលរួម នាថ្ងៃទី២៦ ខែឧសភា ក្រុងហ្សឺណែវ សហព័ន្ធស្វីស។

ចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជារួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាលភាពសហគមន៍ តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង , ២-ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍ , ៣-ការប្រកាសដាក់ឲ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣ , ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់ , ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន ៥៖ ក) ការពង្រឹងការថែទាំសុខភាពបឋម និងសេវាសំខាន់ៗ , ខ) ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព , គ) ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល , ឃ) ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន និង ង) ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។

ក្នុងជំនួបដ៏ស្និតស្នាលពិសេសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបថ្លែងអំណរគុណជូនដល់ អគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់វិស័យសុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជាជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក ។

នាឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រដែលបានចារឹកក្នុងបេះដូងកម្ពុជា និងពិភពលោក ខណៈជំងឺកូវីដ១៩ ដ៏កាចសាហាវកំពុងយកជីវិតមនុស្សលោក ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្តល់ការអនុញ្ញាត និងចេញទៅទទួលស្វាគមន៍ដោយផ្ទាល់ដល់អ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាមចំនួន ២២៥៧រូប ត្រូវបានអនុញ្ញាតឲ្យចូលចតនិងសង្គ្រោះនៅកម្ពុជា ចំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ជាថ្ងៃនៃក្តីស្រឡាញ់ ក្នុងពេលនាវានេះត្រូវបានបដិសេធន៍មិនឲ្យចូលចតនៅបណ្តាប្រទេសនានា ។

សម្រាប់អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក និងបានបញ្ជាក់ការគាំទ្ររបស់លោកលើអាទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា។

អគ្គនាយកមានប្រសាសន៍ថា «យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម គឺថាកម្ពុជាប្រទេសតូច បេះដូងធំ»៕

To Top