ព័ត៌មានជាតិ

ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាព នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ ជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅ វិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ មន្ត្រីជំនាញរបស់ក្រសួងការងារ ក៏បានបន្តជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងរាយការណ៍ រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ៕

To Top