ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ប្រកាសផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង សិក្សាដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងប្រាក់ឧបត្ថម្ភ

ព្រះវិហារ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភ​ប្រចាំខែថែមទៀត សម្រាប់ការសិក្សា​មុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។

ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការ​អនុវត្តកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបាន​ចំណូល​សមរម្យ។

មុខជំនាញដែលកំពុងមានតម្រូវការក្នុងទីផ្សារទាំង៤មុខនេះ រួមមាន៖ (១).ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ (២).សេវាកម្មកុំព្យូទ័រ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ (៣).សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ និង(៤).សេវាកម្មសម្អាងកាយ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ដែរ។

ការទទួលពាក្យចូលសិក្សាមុខជំនាញ TVET ទាំង៤មុខនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ​តទៅ។ ចំពោះកាលបរិច្ឆេទចូលសិក្សា គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ប្រសិនបើយុវជនគោលដៅទាំងពីរក្រុមខាងលើចាប់អារម្មណ៍ក្នុងការសិក្សាមុខជំនាញនេះ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ដែលមានទីតាំងនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ក្រោយសាលាខេត្តព្រះវិហារ) ឬតាមមន្ត្រីចុះផ្សព្វផ្សាយតាមរយៈ QR Code មាននៅក្នុងសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថានដែលភ្ជាប់មកជាមួយនេះ ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧១ ២៨៦ ១៧៧៦ / ០៨៨ ៥៤១ ៥៥៦៦ / ០១២ ៦៤១ ៣២០ / ០៩២ ៨៨ ៧៨ ៩៨។

គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅ​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការនីផងដែរ ដែលអាច​ដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕

To Top