ភ្នំពេញ ៖ នៅទី២៧ ខែឧសភា ឆ្នាំ២០២៥ នាស្ថាតទូតស្វីស ប្រចាំទីក្រុងបាងកក លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជា ទៅកាន់អង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រតិបត្តិករបោសសម្អាតមីន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាបយបញ្ហាប្រឈម ដែលនៅសេសសល់ ការរៀបចំគោលនយោបាយជាតិ សកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ និងកៀរគរការគាំទ្រ បន្ថែមសម្រាប់សកម្មភាពមីននៅកម្ពុជា ក៏ដូចជាការចែករំលែកជំនាញ និងបទពិសោធន៍របស់កម្ពុជា ទៅកាន់ប្រទេសរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ទូទាំងពិភពលោក។

នាឱកាសនោះ លោក លី ធុជ បាន សម្តែងនូវកតញ្ញូតា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញា និងដើរតួយ៉ាងសំខាន់ជាមគ្គទេសក៍ ដឹកនាំកម្ពុជាសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិឌ្ឍលើគ្រប់វិស័យ និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា។ លោក គូសបញ្ជាក់ថា បើមិនមានការចង្អុលបង្ហាញ និងការដឹកនាំប្រកប ដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេច ទាំងពីរនោះទេ សមិទ្ធផលដ៏ធំធេងទាំងនេះ នឹងមិនអានកើតមាននោះទេ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសជាមិត្ត ដៃគូអភិឌ្ឍ អង្គការជាតិ-អន្តរជាតិ និង ភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងបេសសកកម្ម មនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ នៅបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវ សុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ ដល់សហគមន៍ ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រ ពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជា បានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាង សំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូល សៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

លោក បានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផល ដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហា ដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីន ដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជន កម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោក ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពជោគជ័យ របស់កម្ពុជា ជាភាពជោគជ័យរបស់ទាំងអស់គ្នា ជាជោគជ័យរបស់មនុស្ស ជាតិទាំងមូល និងបានអំពាវនាវជាថ្មី ដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងស្ថាប័នអន្តរជាតិនានា ចូលរួមជាមួយកម្ពុជា លុបបំបាត់ទុក្ខវេទនាបង្កដោយគ្រាប់មីន នៅទូទាំងពិភពលោក៕
