ព័ត៌មានជាតិ

ឯកអគ្គរាជទូតថៃ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយអង្ករ ៣តោនថ្វាយព្រះមហាក្សត្រ នៅក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយអង្ករ នៅក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ។ 

កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានឱ្យ លោក ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយនូវអង្ករដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ចំនួន ៣ពាន់គីឡូក្រាម (៣តោន) ដើម្បីចូលរួមដង្ហែរតាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រជួបការលំបាក នៅក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម ៧២ ឈានចូល ៧៣ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ និងក្នុងឱកាសនៃការអបអរសាទរខួបគម្រប់ ៧៥ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ៕

To Top