ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL) ដឹកនាំដោយ លោកស្រី OBUCHI Yuko ជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈ JCPFL ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបនាពេលនេះ នាឱកាសទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចបវរធិបតី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។
លោកស្រី OBUCHI Yuko បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបជាមួយសម្តេចបវរធិបតី និងក៏បានរំឭកដែរនូវតួនាទីរបស់ឪពុកលោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា, ពិសេសលើវិស័យបោសសម្អាតមីននៅកម្ពុជា ។ លោកស្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានJCPFL លោកជំទាវមានមោទនភាពណាស់ ដោយអាចធ្វើកិច្ចការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចលោកឪពុកដែរ។
ទាំងលោកស្រី OBUCHI Yuko និងទាំងបណ្តាប្រតិភូគ្រប់រូប នៃសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា សុទ្ធតែបានកោតសរសើរចំពោះការអភិវឌ្ឍនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រី OBUCHI Yuko និងសមាជិកគណៈប្រតិភូទាំងអស់នៃJCPFL បានប្តេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងកោតសរសើរ និង អរគុណ JCPFL ដែលកន្លងមក ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេចបវរធិបតី ក៏បានរំឭកដែរ នូវជំនួបជាច្រើនលើករវាង សម្តេចបវរធិបតី និងសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជាJCPFL នាពេលកន្លងមក ។
សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា សម្តេចធ្លាប់បានអញ្ជើញមកប្រទេសជប៉ុនជាច្រើនលើក ពិសេសក្នុងតំណែងជាមេទ័ពជើងគោក តែលើកនេះ គឺជាដំណើរទស្សនកិច្ចការងារផ្លូវការលើកទី១ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
